ប៉ូលិសព្រហ្មទណ្ឌឃាត់ជនសង្ស័យជនជាតិចិន៥នាក់ ចាប់ជំរិតទារប្រាក់បុរសចិនម្នាក់នៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ កម្លាំងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះសីហនុបានបង្ហាញមុខជនសង្ស័យ៥នាក់កាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពីបានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់រវាងជនជាតិចិននិងជនជាតិចិន ដោយបានឃាត់ជនសង្ស័យ៥នាក់កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ និងរំដោះបានជនរងគ្រោះជាជនជាតិចិនម្នាក់ ដែលត្រូវបានក្រុមជនសង្ស័យដាក់ខ្នោះដៃ បង្ខាំងទុកនៅផ្ទះមួយល្វែង ស្ថិតនៅក្រុមទី៣១ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ Yi GengFa ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរចុងភៅ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានរងរបួសបែកបបូរមាត់ខាងលើ មានស្នាមជាំនៅដើមទ្រូង និងដើមដៃខាងស្តាំ ព្រមទាំងមានស្នាមរបួសនៅកដៃទាំងសងខាង ដោយការធ្វើទារុណកម្មពីក្រុមជនសង្ស័យ ។

ជនសង្ស័យទាំង០៥នាក់រួមមាន ១-ឈ្មោះ ZHOU HAOSHENG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរ កាស៊ីណូ ផ្នែកទិញទំនិញ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ, ២-ឈ្មោះ CAO JIAWEI ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ​, ៣-ឈ្មោះ CHEN XUEDONG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ​, ៤-ឈ្មោះ DAI SHENGLONG ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរ យាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ និង៥-ឈ្មោះ SONG JIAWEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរ យាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

វត្ថុតាងចាប់យកបាន ខ្នោះដៃ ០១គូដាក់ជាប់ដៃជនរងគ្រោះ, សោដោះខ្នោះដៃចំនួន ០២, រថយន្ត ០២គ្រឿង (១-ម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-1799 ជាមធ្យោបាយប្រព្រឹត្តបទល្មើស និង២-ម៉ាក ALPHARD ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BB-0150) ជាមធ្យោបាយប្រព្រឹត្តបទល្មើស។

ជនសង្ស័យខាងលើត្រូវបានកម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីផ្តន្ទាទោសតាមច្បាប់៕


 

-->
adverise with khmeread