ឪពុកបើកគោយន្តក្រឡាប់ធ្លាក់ចូលទឹកប្រឡាយស្លាប់, កូនប្រុសអាយុ៧ឆ្នាំរួមដំណើរជាមួយរងរបួស

បន្ទាយមានជ័យ ៖ ឪពុកបានស្លាប់និងកូនរបួសចិញ្ចើមដេរ៥ថ្នេរ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង បើកគោយន្តក្រឡាប់ធ្លាក់ចូលទឹកប្រឡាយកើតឡើងនៅវេលាម៉ោង ០៥និង០៥នាទីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្លូវលំត្រង់ចំណុចលូត្រពាំងប្រហុងខាងលិចមណ្ឌលសុភាពឃុំស្ពានស្រែង ចម្ងាយប្រហែល៣៥០ ម៉ែត្រ នៅភូមិពង្រ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ប៉ូលិសស្រុកភ្នំស្រុក បានឱ្យដឹងថា ជនរងគ្រោះអ្នកបើកគោយន្តឈ្មោះ តោន សឿន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិគោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យស្លាប់នៅនឹងកន្លែង, ចំណែកកូនរួមដំណើរជាមួយឈ្មោះសៀ ប៊ុនលាង ភេទប្រុស អាយុ៧ឆ្នាំ របួសបែកចិញ្ចើមដេរ៥ថ្នេរ។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះបានបើកគោយន្តកន្ត្រៃនាំកូនប្រុសអាយុ៧ឆ្នាំម្នាក់ រួមដំណើរទៅច្រូតស្មៅឱ្យគោស៊ី, ពេលត្រឡប់មកវិញជិតដល់ផ្ទះឈ្មោះ វី មេឃក៏បានធ្លាក់ភ្លៀងយ៉ាងខ្លាំង ខណៈពេលនោះជនរងគ្រោះបានព្យា​យាមបង្កើនល្បឿនគោយន្តឱ្យលឿនក្នុងទិសដៅពីលិចទៅកើតដើម្បីឆាប់ដល់ផ្ទះ។

ពេលមកដល់ចំណុចកើតហេតុ ខាងលិចមណ្ឌលសុភាពឃុំស្ពានស្រែង ចម្ងាយប្រហែល៣៥០ម៉ែត្រ ស្ថិតនៅភូមិពង្រ ស្រាប់តែគោយន្តធ្លាក់ជង្ហុក បណ្តាលឱ្យដៃគោយន្តបោកបុកចំដើមទ្រូងហើយរេចង្កូតធ្លាក់ចូលទឹកប្រឡាយស្លាប់ ,ចំណែកកូនរងរបួសបែកចិញ្ចើមដេរចំនួន៥ថ្នេរ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យពិច័យរួច៕


 

-->
adverise with khmeread