ប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងតាលីបង់នៅក្រុងកាន់ដាហាដែលបណ្តេញពួកគេចេញពីផ្ទះទុកឱ្យពួកអ្នកប្រយុទ្ធចូលមកនៅ

ប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់បានធ្វើបាតុកម្មប្រឆាំងនឹងពួកតាលីបង់ជុំវិញការបណ្តេញគ្រួសារចំនួន ៣.០០០ គ្រួសារចេញពីផ្ទះរបស់ពួកគេនៅទីក្រុងកាន់ដាហាដើម្បីឱ្យអ្នកប្រយុទ្ធរបស់ពួកគេចូលមករស់នៅ។

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅមុខផ្ទះរបស់អភិបាលក្រុងកាន់ដាហាបន្ទាប់ពីក្រុមគ្រួសារទាំងនោះត្រូវបានផ្តល់ពេលបីថ្ងៃដើម្បីចាកចេញពីផ្ទះដែលពួកគេកំពុងរស់នៅ ទោះបីជាពួកគេខ្លះរស់នៅទីនោះអស់ជាច្រើនទសវត្សក៏ដោយ។

វីដេអូដែលបង្ហោះតាមអ៊ីនធឺណេតបង្ហាញហ្វូងមនុស្សដើរក្បួនតាមដងផ្លូវក្នុងទីក្រុងកាន់ដាហាស្រែកពាក្យស្លោក ដោយអ្នកខ្លះលើកដៃហាក់ដូចជាចុះចាញ់។

ក្រុមបាតុករភាគច្រើនស្ថិតនៅលើផ្លូវធំនិងផ្លូវប្រសព្វ ទីដែលចរាចរណ៍ឃើញកកស្ទះយ៉ាងខ្លាំង។

ថ្វីត្បិតតែក្រុមបាតុករភាគច្រើនជាបុរស ក៏ប៉ុន្តែវីដេអូដាច់ដោយឡែកមួយបានបង្ហាញក្រុមស្ត្រីយ៉ាងតិចបំផុតចំនួន ២០ នាក់ស្លៀកពាក់ឈុត Burka និងខ្លះទៀតមិនបិទមុខក្នុងចំណោមក្រុមបាតុករទេ។

អ្នកនាំពាក្យតាលីបង់មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺអំពីការបណ្តេញចេញនោះទេ។ រឿងនេះកើតឡើងបន្ទាប់ពីក្រុមតាលីបង់ត្រូវបានចោទប្រកាន់ថាបានបណ្តេញគ្រួសារនៅជ្រលងភ្នំ Panjshir ហើយបានគំរាមធ្វើដូចគ្នានេះចំពោះប្រជាជននៅ Daikundi ដើម្បីឱ្យអ្នកប្រយុទ្ធរបស់ពួកគេចូលស្នាក់នៅ៕ ប្រភព ៖ Daily Mail

 

-->
adverise with khmeread