អង់គ្លេសបារម្ភខ្លាចបារាំងសងសឹក ខណៈលោកម៉ាក្រុងកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅអាមេរិកនិងអូស្ត្រាលីត្រឡប់មកស្រុកវិញ

អង់គ្លេសត្រូវបានព្រមានថាខ្លួននឹងមិនគេចផុតពីគោលដៅសងសឹកពីបារាំងទេ បន្ទាប់ពីលោកអេមម៉ានុយអែល ម៉ាក្រុង បានកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅអាមេរិកនិងអូស្ត្រាលីត្រឡប់មកស្រុកវិញ ប៉ុន្តែមិនបានកោះហៅលោកទូតប្រចាំនៅចក្រភពអង់គ្លេសទេ។

ប្រធានាធិបតីបារាំងមានការខឹងសម្បាយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងនាវាមុជទឹករវាងប្រទេសទាំងបីដែលបានធ្វើឱ្យបារាំងភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយជាលទ្ធផលបានឈានដល់ការលុបចោលកិច្ចសន្យាតម្លៃរាប់ពាន់លានដុល្លារសម្រាប់អូស្ត្រាលីដើម្បីសាងសង់នាវាមុជទឹកដើរដោយប្រេងម៉ាស៊ូតរបស់បារាំង។

រដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian កាលពីយប់ថ្ងៃសុក្របានប្រកាសថាប្រទេសនេះនឹងហៅឯកអគ្គរដ្ឋទូតប្រចាំនៅអាមេរិកលោក Philippe Etienne ត្រឡប់មកស្រុកវិញ ដោយលើកឡើងពី "ភាពធ្ងន់ធ្ងរខ្លាំងនៃការប្រកាសកិច្ចព្រមព្រៀងនាវាមុជទឹក"។

បារាំងក៏បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសអូស្ត្រាលីផងដែរប៉ុន្តែមិនទាន់មានវិធានការណាមួយក្នុងការដកឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅចក្រភពអង់គ្លេសលោកស្រី Catherine Colonna នោះទេ។

មន្រ្តីបារាំងបានចាត់ទុកសហរដ្ឋអាមេរិកជាមេខ្លោងធំនៅក្នុងកិច្ចព្រមព្រៀងនេះ ហើយលោកបូរីស ចនសុន បានទទូចថា ទំនាក់ទំនងរបស់ចក្រភពអង់គ្លេសជាមួយបារាំងគឺ "រឹងមាំ" បើទោះបីជាមានជម្លោះក៏ដោយ។

ប៉ុន្តែអ្នកការទូតបារាំងម្នាក់បានរិះគន់ចក្រភពអង់គ្លេសចំពោះការធ្វើសកម្មភាព "ឱកាសនិយម" ហើយអតីតឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសបារាំងលោក Peter Ricketts បាននិយាយថា លោករំពឹងមានវិធានការបន្ថែមទៀតប្រឆាំងនឹងប្រទេសទាំងបី៕ ប្រភព ៖ Daily Mail

-->
adverise with khmeread