តាក់ស៊ីថៃរាប់ពាន់គ្រឿងត្រូវបានប្រើសម្រាប់ដាំខ្ទឹម ព្រោះគ្មានមនុស្សជិះ

ឡានតាក់ស៊ីជាច្រើនគ្រឿងនៅថៃកំពុងផ្តល់អត្ថន័យថ្មីដល់ពាក្យថា "សួនលើដំបូល" ខណៈម្ចាស់បានប្រើប្រាស់ដំបូលឡានតាក់ស៊ីដែលទុកចោលឥតប្រយោជន៍ដោយសារវិបត្តិកូវីដ១៩ ដើម្បីដាំបន្លែបង្ការផ្សេងៗ ដែលគេនិយមហៅថាឡានដាំខ្ទឹមនោះ។

បុគ្គលិកមកពីសហករណ៍តាក់ស៊ីចំនួនពីរបានដំឡើងសួនច្បារខ្នាតតូចនៅសប្តាហ៍នេះដោយប្រើថង់សំរាមប្លាស្ទិកពណ៌ខ្មៅសន្ធឹងលើគ្រោងឫស្សី។ ពួកគេបានដាំដំណាំផ្សេងៗរួមមានប៉េងប៉ោះត្រសក់និងសណ្តែកគួនៅលើដំបូលឡាន។

លទ្ធផលនៃការដាំបន្លែនេះមើលទៅដូចជាការបង្ហាញវត្ថុសិល្បៈទាក់ទាញភ្នែកជាជាងបង្ហាញចំណតឡាន ហើយចំណុចផ្តោតសំខាន់គឺទាក់ទាញចំណាប់អារម្មណ៍អំពីស្ថានភាពលំបាករបស់អ្នកបើកបរតាក់ស៊ីនិងប្រតិបត្តិករដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិធានការបិទប្រទេស។

យោងតាមនាយកប្រតិបត្តិសហករណ៍ម្នាក់ឈ្មោះថា Thapakorn Assawalertkul អាយុ ៥៤ ឆ្នាំបានឱ្យដឹងថា សហករណ៍តាក់ស៊ីឈ្មោះ Ratchapruk និង Bovorn Taxi ឥឡូវនេះមានរថយន្តតែ ៥០០ គ្រឿងប៉ុណ្ណោះនៅដំណើរការលើដងផ្លូវនានាក្នុងទីក្រុងបាងកក ដោយឡាន ២.៥០០ គ្រឿងទៀតត្រូវទុកចោលនៅតាមទីតាំងនានាក្នុងក្រុងបាងកក។

ខណៈផ្លូវនានាមានភាពស្ងាត់ជ្រងំរហូតមកទល់ឥឡូវ ​វាមានការប្រកួតប្រជែងយ៉ាងខ្លាំងដើម្បីដណ្តើមម៉ូយដែលមានតិចតួចបំផុត ជាហេតុធ្វើឱ្យប្រាក់ចំណូលរបស់អ្នកបើកបរតាក់ស៊ីធ្លាក់ចុះជាលំដាប់។ លោក Thapakorn និយាយថា បច្ចុប្បន្ននេះមនុស្សភាគច្រើនមិនអាចមានលទ្ធភាពបង់ថ្លៃជួលឡានតាក់ស៊ីប្រចាំថ្ងៃបានទេ សូម្បីតែការគិតថ្លៃឥឡូវបានថយចុះមកត្រឹម ៣០០ បាតក៏ដោយ។ ដូច្នេះពួកគេបានដើរចេញដោយទុកឡានចោល។

លោកនិយាយថាអ្នកបើកបរខ្លះបានប្រគល់ឡានមកវិញហើយត្រឡប់ទៅស្រុកជនបទរបស់ពួកគេវិញនៅពេលដែលជំងឺរាតត្បាតបានផ្ទុះឡើងលើកដំបូងកាលពីឆ្នាំមុនដោយសារតែពួកគេភ័យខ្លាចខ្លាំងពេក។ អ្នកបើកបរច្រើនឡើងបានចុះចាញ់ហើយប្រគល់ឡានមកវិញអំឡុងរលកទីពីរនៃកូវីដ១៩៕ ប្រភព ៖ Daily Mail

-->
adverise with khmeread