ប្តីប្រពន្ធស៊ុយអែតត្រូវបានហាមមិនឱ្យដាក់ឈ្មោះកូនថា "Vladimir Putin"

ទីភ្នាក់ងារពន្ធដារស៊ុយអែត Skatteverket បានច្រានចោលការស្នើសុំរបស់ប្តីប្រពន្ធវ័យក្មេងមួយគូដើម្បីដាក់ឈ្មោះកូនប្រុសរបស់ពួកគេថា Vladimir Putin ដែលជាឈ្មោះរបស់ប្រធានាធិបតីរុស្ស៊ីដ៏ល្បីល្បាញ។

វិទ្យុសាធារណៈ SR ថ្មីៗនេះបានរាយការណ៍ករណីប្តីប្រពន្ធមួយគូនៅទីក្រុង Laholm ប្រទេសស៊ុយអែត ត្រូវបានហាមឃាត់មិនឱ្យដាក់ឈ្មោះកូនប្រុសរបស់ពួកគេតាមឈ្មោះរបស់ប្រធានាធិបតីរុស្ស៊ីនោះទេ។ ទីភ្នាក់ងារ Skatteverket មិនបានពន្យល់ច្បាស់ពីមូលហេតុដែលពួកគេបដិសេធសំណើដាក់ឈ្មោះនោះទេ ប៉ុន្តែយោងតាមច្បាប់ស៊ុយអ៊ែត ឈ្មោះមិនគួរធ្វើឱ្យថ្នាំងថ្នាក់ចិត្ត ឬប្រថុយបង្កឱ្យមានបញ្ហាដល់ម្ចាស់ឈ្មោះ (កូន) ហើយក៏មិនអនុញ្ញាតឱ្យដាក់ត្រកូលដូចគោត្តនាមនោះដែរ។ គេមិនច្បាស់ភ្លាមៗទេថាតើឈ្មោះ Vladimir Putin ធ្លាក់ចូលក្នុងប្រភេទច្បាប់អ្វី ប៉ុន្តែប្តីប្រពន្ធនេះត្រូវបានបង្ខំឱ្យទៅរកឈ្មោះផ្សេងដាក់ឱ្យកូន។

នៅក្រោមច្បាប់ស្តីពីការដាក់ឈ្មោះ ដែលត្រូវបានអនុម័តដំបូងនៅឆ្នាំ ១៩៨២ ហើយកំណែទម្រង់ថ្មីក្នុងឆ្នាំ ២០១៧ ឪពុកម្តាយត្រូវរាយការណ៍អំពីឈ្មោះទារកទើបនឹងកើតទៅទីភ្នាក់ងារ Skatteverket ក្នុងរយៈពេលបីខែដំបូងបន្ទាប់ពីកំណើត។ ទោះយ៉ាងណាក៏ដោយមិនមែនឈ្មោះទាំងអស់សុទ្ធតែត្រូវបានអនុម័តទេ ហើយកាលពីអតីតកាលទីភ្នាក់ងារនេះបានច្រានចោលឈ្មោះដូចជា Ford, Pilzner, Q ឬ Allah តែបែរជាទទួលយកឈ្មោះចម្លែកៗដូចជា Google និង Metallica។

ប្រព័ន្ធផ្សព្វផ្សាយស៊ុយអែតមិនទាន់បានរាយការណ៍ពីមូលហេតុដែលឪពុកម្តាយចង់ដាក់ឈ្មោះកូនប្រុសរបស់ពួកគេថា Vladimir Putin នៅឡើយទេ៕

-->
adverise with khmeread