យុវជនម្នាក់ប្តូរអាជីពពីជាងកាត់សក់ទៅធ្វើចោរឆក់ខ្សែកត្រូវប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ ៖ យុវជនម្នាក់ចំណោម២នាក់មានមុខរបរជាជាងកាត់សក់រកលុយមិនសូវបានដោយសារកូវីដ ក៏ប្តូរមុខរបរធ្វើចោរឆក់ខ្សែក ត្រូវសមត្ថកិច្ចវ៉ៃខ្នោះកាលពីថ្ងៃទី ២២ កញ្ញា ឆ្នាំ២០២១ ម៉ោង១ និង៣០នាទីរសៀល នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ប៉ូលិសនិយាយថា កុមារីរងគ្រោះឈ្មោះហួរ ណាវី អាយុ១៣ ឆ្នាំ ជនជាតិវៀតណាម មុខរបរសិស្ស ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ។ ចំណែកជនសង្ស័យឈ្មោះ គឹម លីម៉េង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ស្នាក់នៅភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ លទ្ធផលធ្វើតេស្តិ៍ទឹកនោម វិជ្ជមាន មានសារធាតុញៀនក្នុងខ្លួន។

ប៉ូលិសបន្តថា មុនពេលកើតហេតុកុមារីរងគ្រោះជិះម៉ូតូជាមួយក្មួយស្រីមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះ គឹម លីម៉េង និងឈ្មោះ អយ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1R-2042 មកពីក្រោយអែបខាងឆ្វេង ឆក់យកខ្សែកប្លាទីន ពីកុមារីរងគ្រោះទម្ងន់៣ជីកន្លះ បានសម្រេចជិះគេចខ្លួន រួចកុមារីរងគ្រោះស្រែក «ចោរៗ»។

ពេលនោះពូរបស់កុមារីរងគ្រោះឃើញជិះម៉ូតូដេញតាមមកដល់ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពួកជនសង្ស័យក៏ដួលម៉ូតូ រួចពូកុមារីរងគ្រោះឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ គឹម លីម៉េង រួមនឹងម៉ូតូជិះធ្វើសកម្មភាពប្រគល់ឱ្យសមត្ថកិច្ច។ ចំណែកបក្ខពួកឈ្មោះ អយ (អ្នកឆក់) បានរត់គេចខ្លួនបាត់ដោយយកខ្សែទៅជាមួយផង។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕

-->
adverise with khmeread