ក្រុមហ៊ុនផលិតនាវាមុជទឹកបារាំងនឹងបញ្ជូនវិក្កយបត្រឱ្យអូស្ត្រាលីទូទាត់សងសម្រាប់ការលុបចោលកិច្ចព្រមព្រៀងទិញ

ក្រុមហ៊ុន Naval Group របស់ប្រទេសបារាំងបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងបញ្ជូន "សំណើលម្អិតនិងគណនាច្បាស់លាស់" ទៅអូស្ត្រាលីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះអំពីការខាតបង់ដែលខ្លួនរំពឹងរដ្ឋាភិបាលក្រុងកង់បេរ៉ានឹងទូទាត់សងសម្រាប់ការលុបចោលកិច្ចសន្យាដ៏ធំមួយដើម្បីទិញនាវាមុជទឹករបស់បារាំង។

អូស្រ្តាលីក្នុងឆ្នាំ ២០១៦ បានយល់ព្រមទិញនាវាមុជទឹកដើរដោយថាមពលប្រេងម៉ាស៊ូតចំនួន ១២ គ្រឿងដែលសាងសង់ដោយក្រុមហ៊ុន Naval Group ក្នុងកិច្ចព្រមព្រៀងមួយដែលមានឈ្មោះថា "កិច្ចសន្យាប្រចាំសតវត្សរ៍" ដែលមានតម្លៃ ៣៦,៥ ពាន់លានដុល្លារហើយក្រោយមកត្រូវបានគេប៉ាន់ប្រមាណថានឹងមានតម្លៃសរុប ៦០ ពាន់លានដុល្លារ។

ទោះយ៉ាងណាកាលពីសប្តាហ៍មុនអូស្រ្តាលីបានបែកចោលកិច្ចព្រមព្រៀងនេះដើម្បីទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីសហរដ្ឋអាមេរិកនិងអង់គ្លេសវិញនៅក្នុងកិច្ចព្រមព្រៀងចរចាសម្ងាត់មួយដែលធ្វើឱ្យរដ្ឋាភិបាលក្រុងប៉ារីសខឹងសម្បាយ៉ាងខ្លាំងនិងបង្កឱ្យមានជម្លោះការទូត។

នាយកប្រតិបត្តិក្រុមហ៊ុន Naval Group លោក Pierre Eric Pommellet បានប្រាប់កាសែត Le Figaro របស់បារាំងកាលពីថ្ងៃពុធថា វិក្កយបត្រនឹងត្រូវបញ្ជូនទៅអូស្ត្រាលីក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។

លោកបាននិយាយថា "អូស្ត្រាលីបានហែកចោលកិច្ចសន្យាដោយខ្លួនឯង ចឹងមានន័យថាយើងមិនមានកំហុសទេ" ។

លោកបានបន្ថែមថា "វាជាករណីដែលត្រូវបានគ្រោងទុកនៅក្នុងកិច្ចសន្យាហើយនឹងតម្រូវឱ្យមានការទូទាត់សងការខាតបង់ដែលបានកើតឡើង និងអ្វីដែលនឹងកើតឡើងទាក់ទងនឹងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិង IT ក៏ដូចជាការផ្លាស់ប្តូរបុគ្គលិកឡើងវិញ ។ យើងនឹងអះអាងសិទ្ធិរបស់យើង"។

កន្លងមកអូស្ត្រាលីបានត្អូញត្អែរថាកិច្ចព្រមព្រៀងជាមួយ Naval Group ដែលជាកម្មសិទ្ធិរបស់រដ្ឋបារាំង មានភាពយឺតយ៉ាវនិងចាយអស់ថវិកាច្រើនហួសហេតុ។

ក្រសួងការពារជាតិបារាំងបាននិយាយថាក្រុមហ៊ុន Naval Group បានចាប់ផ្តើមពិភាក្សារួចហើយអំពីការទូទាត់សងហិរញ្ញវត្ថុជាមួយរដ្ឋាភិបាលក្រុងកង់បេរ៉ា។

ក្រសួងនេះបាននិយាយថា ក្រុមហ៊ុន Naval Group បានបញ្ចប់ការងារសាងសង់លើនាវាមុជទឹកតម្លៃ ៩០០ លានអឺរ៉ូ (១,១ ពាន់លានដុល្លារ) ប៉ុន្តែមិនមានការខាតបង់ទេដោយសារការងារនេះត្រូវបានគ្របដណ្តប់ដោយការទូទាត់ពីអូស្ត្រាលី៕ ប្រភព ៖ South China Morning Post


 

-->
adverise with khmeread