អ្នកជំនាញផលិតវ៉ាក់សាំងនៅសាកលវិទ្យាល័យ Oxford និយាយថា កូវីដ១៩យូរៗទៅនឹងវិវត្តទៅដូចជំងឺផ្តាសាយ

ស្ត្រីដែលបង្កើតវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford បាននិយាយថា កូវីដទំនងជាមិនផ្លាស់ប្តូរទៅជាមេរោគបំប្លែងខ្លួនដែលធ្ងន់ធ្ងរជាងនេះទៀតទេ ហើយទីបំផុតវានឹងបង្កឱ្យមានជំងឺផ្តាសាយធម្មតាវិញ។

លោកស្រីសាស្រ្តាចារ្យ Dame Sarah Gilbert បាននិយាយថា "មិនមានកន្លែងច្រើនទេសម្រាប់មេរោគគេចផុតពីភាពស៊ាំរបស់មនុស្ស ប៉ុន្តែវានៅតែជាមេរោគឆ្លង"។

លោកស្រីបាននិយាយថាមេរោគនានាមាននិន្នាការប្រែក្លាយទៅជាវីរុសធម្មតានៅពេលដែលវាសាយភាយតាមរយៈមនុស្ស ដោយបន្ថែមថា "គ្មានហេតុផលអ្វីដែលត្រូវគិតថាយើងនឹងមានមេរោគ Sars-CoV-2 ដែលកាន់តែគ្រោះថ្នាក់នោះទេ"។

លោកស្រី Gilbert បាននិយាយថាវីរុសដែលបណ្តាលឱ្យមានកូវីដ១៩នៅទីបំផុតនឹងក្លាយទៅជាដូចវីរុសកូរ៉ូណាដែលរាលដាលយ៉ាងទូលំទូលាយនិងបង្កឱ្យមានជំងឺផ្តាសាយ។

ការអត្ថាធិប្បាយរបស់លោកស្រីកើតឡើងនៅពេលដែលសាស្ត្រាចារ្យ Chris Whitty បានព្រមានថាកុមារស្ទើរតែទាំងអស់ដែលមិនបានចាក់វ៉ាក់សាំងនឹងឆ្លងមេរោគកូវីដនៅចំណុចណាមួយនាពេលអនាគត ហើយក្មេងៗប្រហែលពាក់កណ្តាលបានឆ្លងវីរុសនេះរួចទៅហើយ។

ថ្លែងនៅក្នុងសិក្ខាសាលា Royal Society of Medicine លោកស្រី Gilbert បាននិយាយថា "យើងបានកំពុងរស់នៅជាមួយមេរោគកូរ៉ូណា ៤ ប្រភេទផ្សេងគ្នាដែលយើងមិនដែលគិតពីវាច្រើននោះទេ ហើយទីបំផុត Sars-CoV-2 នឹងក្លាយជាជំងឺមួយក្នុងចំណោមនោះដែរ"។

"វាគ្រាន់តែជាសំណួរថាតើវាត្រូវចំណាយពេលយូរប៉ុនណាដើម្បីទៅដល់ចំណុចនោះនិងវិធានការអ្វីខ្លះដែលយើងនឹងត្រូវចាត់ចែងដើម្បីគ្រប់គ្រងវាក្នុងពេលឆាប់ៗនេះ"។

ស្ដ្រីវ័យ ៥៩ ឆ្នាំរូបនេះបានដឹកនាំក្រុមស្រាវជ្រាវនៅវិទ្យាស្ថាន Jenner របស់សាកលវិទ្យាល័យ Oxford ដែលបានបង្កើតវ៉ាក់សាំងកូវីដ១៩ Oxford-AstraZeneca ដែលជាថ្នាំចាក់ដែលចែកចាយយ៉ាងទូលំទូលាយបំផុតនៅលើពិភពលោក។

លោកស្រី Gilbert ក៏បានបង្ហាញដែរថា លោកស្រីកំពុងតស៊ូដើម្បីទទួលបានមូលនិធិដើម្បីជួយទប់ស្កាត់ជំងឺរាតត្បាតនាពេលអនាគត។

អ្នកវិទ្យាសាស្ត្រដែលមានជំនាញក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងមេរោគដែលកំពុងកើតមានបាននិយាយថា ការវិនិយោគជាបន្ទាន់គឺត្រូវការជាចាំបាច់ដើម្បីទប់ស្កាត់ជំងឺឆ្លងដទៃទៀតកុំឱ្យរីករាលដាលពាសពេញពិភពលោក។

លោកស្រីបាននិយាយថា "យើងនៅតែព្យាយាមរៃអង្គាសប្រាក់ដើម្បីបង្កើតវ៉ាក់សាំងដទៃទៀតដែលយើងកំពុងធ្វើការមុនពេលមានជំងឺរាតត្បាត ដើម្បីប្រឆាំងនឹងជំងឺដែលបានផ្ទុះឡើងកាលពីអតីតកាលហើយនឹងបង្កឱ្យមានការផ្ទុះឡើងនាពេលអនាគត" ។

"យើងកំពុងត្រូវបានគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការងារដែលកំពុងបន្តរបស់យើងប្រឆាំងនឹងកូវីដ ប៉ុន្តែនៅពេលយើងព្យាយាមត្រឡប់ទៅគម្រោងដែលយើងកំពុងធ្វើការមុនពេលមានមេរោគកូរ៉ូណា យើងនៅតែព្យាយាមស្វែងរកមូលនិធិបន្ថែម"។

ទន្ទឹមនឹងនេះដែរលោកស្រីបាននិយាយថាកំណកឈាមដ៏កម្រដែលភ្ជាប់ទៅនឹងថ្នាំចាក់ AstraZeneca មិនត្រូវបានគេរកឃើញក្នុងអត្រាដូចគ្នានៅក្នុងផ្នែកផ្សេងទៀតនៃពិភពលោកនោះទេ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread