បុរសជាប្តីសុំលែងប្រពន្ធព្រោះនាងខ្ជិលងូតទឹកស្អុយខ្លួនរាល់ថ្ងៃ

នៅក្នុងហេតុការណ៍ដ៏ចម្លែកមួយ បុរសម្នាក់មកពីទីក្រុង Aligarh នៃរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌាបានសុំលែងលះប្រពន្ធដោយសារតែនាងមិនងូតទឹករាល់ថ្ងៃ នេះយោងតាមសេចក្តីរាយការណ៍លើវេបសាយ khaleejtimes កាលពីថ្ងៃអាទិត្យទី២៦កញ្ញា។

រឿងនេះបានបែកធ្លាយ បន្ទាប់ពីស្ត្រីរូបនោះបានដាក់ពាក្យបណ្តឹងទៅស្ថាប័នការពារស្ត្រីក្នុងគោលបំណងជួយសង្គ្រោះអាពាហ៍ពិពាហ៍របស់នាង។

អ្នកប្រឹក្សាធ្វើការជាមួយក្រុមការពារស្ត្រីនិយាយថា "ស្ត្រីម្នាក់បានផ្តល់ឱ្យយើងនូវពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរដោយបញ្ជាក់ថាប្តីរបស់នាងបានទាមទារនាងលែងលះបីដងដោយយកលេសថានាងមិនព្រមងូតទឹករាល់ថ្ងៃ។ យើងកំពុងផ្តល់ការប្រឹក្សាដល់គូស្វាមីភរិយានិងឪពុកម្តាយរបស់ពួកគេដើម្បីជួយសង្គ្រោះអាពាហ៍ពិពាហ៍របស់ពួកគេ"។

អ្នកប្រឹក្សារូបនេះបានបន្ថែមថាបុរសនោះប្រកាន់តឹងរ៉ឹងជាមួយនឹងការសម្រេចចិត្តចង់លែងលះហើយក៏បានដាក់ពាក្យសុំស្វែងរកជំនួយដូចគ្នា។ នៅក្នុងញត្តិ បុរសនោះបាននិយាយថា ប្តីប្រពន្ធនេះបានឈ្លោះប្រកែកគ្នាដោយពាក្យសម្តីរាល់ថ្ងៃដោយសារតែបញ្ហានេះ។

ក្រុមការពារស្ត្រីបាននិយាយថា ខ្លួនកំពុងព្យាយាមផ្តល់ប្រឹក្សាបុរសនោះ ដោយសំអាងថានេះគឺជាបញ្ហាតូចតាចដែលអាចដោះស្រាយបាន។ អ្នកប្រឹក្សាបានបន្ថែមថា "យើងក៏កំពុងព្យាយាមធ្វើឱ្យគាត់យល់ថាការលែងលះរបស់ពួកគេអាចប៉ះពាល់ដល់ការចិញ្ចឹមកូនរបស់ពួកគេ" ។

យោងតាមអង្គភាពនេះ ស្ត្រីរូបនេះបាននិយាយថានាងសង្ឃឹមថានឹងបន្តអាពាហ៍ពិពាហ៍របស់នាងនិងដឹកនាំជីវិតប្រកបដោយសុភមង្គលជាមួយស្វាមី។

អ្នកទាំងពីរត្រូវបានគេផ្តល់ពេលវេលាឱ្យគិតអំពីការលែងលះ។ ពួកគេបានរៀបការពីរឆ្នាំហើយមានកូនអាយុមួយឆ្នាំជាមួយគ្នា៕ ប្រភព ៖ khaleejtimes

-->
adverise with khmeread