ឃាត់ជនជាតិថៃ២នាក់ មានលិខិតឆ្លងដែន តែគ្មានប្រថាប់ត្រាច្រកទ្វារ

សៀមរាប ៖ កម្លាំងប្រចាំការគោលដៅបិទខ្ទប់ ត្រង់ចំណុចភ្លើងស្តុចចុងកៅស៊ូ ក្រុង-ខេត្តសៀមរាប បានត្រួតពិនិត្យរថយន្តឈ្នួលមួយគ្រឿង នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដែលបានធ្វើដំណើរពីទិសខាងលិចទៅខាងកើត ហើយក្នុងរថយន្តមានដឹកជនបរទេស២នាក់ មានលិខិតឆ្លងដែន គ្មានប្រថាប់ត្រាច្រកទ្វារ។

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន្ត ស្នងការរងទទួលផែនអន្តោប្រវេសន៍បានឱ្យដឹងថា ជនបរទេសទាំងពីរនាក់រួមមាន ១-ឈ្មោះ CHAIKHAMWANG EKARIN ភេទប្រុស កើតថ្ងៃទី១៤-០១-១៩៨៧ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខAC២៤២១៧០០និង២-ឈ្មោះ PANYA SIRIRANYA ភេទស្រី កើតថ្ងៃទី១២-០៧-១៩៩៧ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AC២៤២១៧០១។

តាមការសាកសួររបស់សមត្ថកិច្ចជំនាញ ជនបរទេសទាំងពីរនាក់បានសារភាពថា ខ្លួនបានចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងខែឧសភាឆ្នាំ២០២១ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមិនបានប្រថាប់ត្រាទ្វារ ក្នុងគោលបំណងធ្វើដំណើរទេសចរណ៍ក្នុងក្រុងប៉ោយប៉ែត បន្ទាប់មកដោយសារបញ្ហាកូវីដ១៩ ច្រកទ្វារព្រំដែនត្រូវបានបិទ ពួកគេក៏បន្តស្នាក់នៅសណ្ឋាគារ ហាក់ ហួត ក្នុងក្រុងប៉ោយប៉ែត និងដើរលេងជាច្រើនកន្លែង រហូតជ្រុះបាត់លិខិតឆ្លងដែនដោយមិនដឹងថាបាត់នៅកន្លែងណា។ បន្ទាប់មកទៀតនៅអំឡុងដើមខែកញ្ញា ឆ្នាំ២០២១ ពួកគេបានទំនាក់ទំនងទៅក្រុមគ្រួសារ ឱ្យជួយធ្វើលិខិតឆ្លងដែនថ្មី ដើម្បីបានវិលត្រឡប់ទៅប្រទេសវិញ។

ពួកគេបន្តថា នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ពួកគេបានម៉ៅរថយន្តឈ្នួលមួយគ្រឿងក្នុងគោលបំណង ធ្វើដំណើរទៅរាជធានីភ្នំពេញ ជួបស្ថានទូតថៃ ស្នើសុំជួយសម្របសម្រួលវិលត្រឡប់ទៅប្រទេសថៃវិញ តែពេលធ្វើដំណើរមកដល់ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចធ្វើការត្រួតពិនិត្យសួរនាំឃើញថា មិនមានប្រថាប់ត្រាច្រកទ្វារ ក៏បានឃាត់ខ្លួននិងបញ្ជូនទៅយកសំណាក ធ្វើតេស្តរកមេរោគកូវីដ១៩តែម្តង តែលទ្ធផលអវិជ្ជមាន។

លោកស្នងការរង បានបន្តទៀតថា លោកបានស្នើសុំអនុញ្ញាតិគោលការណ៍ពីលោក នាយឧត្តមសេនីយ៍អគ្គអន្តោប្រវេសន៍ចាត់បញ្ជូនជនបរទេសទាំងពីរនាក់នេះទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី៕

-->
adverise with khmeread