មានករណីនិវត្តជនម្នាក់ឆក់ខ្សែភ្លើងស្លាប់នៅស្រុកស្វាយលើ

សៀមរាប ៖ មានករណីនិវត្តជនម្នាក់ឆក់ខ្សែភ្លើងស្លាប់បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង៣០នាទីរសៀលកន្លងទៅ នៅចំណុចភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ជា យាន ភេទប្រុស អាយុ៦៧ឆ្នាំ ជានិវត្ដជន រស់នៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។

តាមការបំភ្លឺរបស់សាក្សីឈ្មោះ យាន សាយ៉េង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ ត្រូវជាកូនបង្កើតជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុខ្លួនកំពុងនៅលើផ្ទះ,ចំណែកឪពុករបស់ខ្លួនបានតខ្សែភ្លើងនៅក្នុងរោងជង្រុកស្រូវនៅខាងលិចផ្ទះចម្ងាយ៥ម៉ែត្រពីផ្ទះ។ បន្ទាប់មកខ្លួនបានទៅផ្សារក្បែរផ្ទះដើម្បីទិញសាច់ជ្រូក, ក្រោយពីទិញបានស្រាប់តែឈ្មោះ ជុត វុន បានរត់មកស្រែកប្រាប់ថា «ជួយផងមាឆក់ខ្សែភ្លើងហើយ»។ 

ឮដូចនោះខ្លួនក៏បានរត់មកដល់ផ្ទះស្រាប់តែឃើញឪពុករបស់ខ្លួនដួលដេកស្ដូកស្ដឹងដោយដៃខាងឆ្វេងកាន់ជាប់ជាមួយខ្សែភ្លើង។ បន្ទាប់មកខ្លួនក៏បាននាំបងប្អូនទៅដកព្រីភ្លើងដើម្បីលើកសពឪពុកចេញពីកន្លែងកើតហេតុបន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ច។

ក្រោយការពិនិត្យសាកសពរបស់សមត្ថកិច្ចជំនាញ ផ្នែកក្បាលលលាដ៏ក្បាល ដងខ្លួន ដោយពុំឃើញមានស្លាកស្នាមត្រង់ចំណុចនេះឡើយ អវៈយវៈជើងទាំងពីរ ម្រាមទាំងដប់ ពុំមានស្លាកស្នាមត្រង់ចំណុចនេះឡើយ ប៉ុន្តែបាតដៃខាងឆ្វេងមានស្នាមឆេះខ្លោចដែលបណ្ដាលមកពីការឆក់ចរន្ដអគ្គិសនី។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យមណ្ឌលសុខភាពស្រុកស្វាយលើ បានបញ្ជាក់ថា «ជនរងគ្រោះពិតជាស្លាប់ដោយសាឆក់ខ្សែភ្លើងពិតប្រាកដមែន»។ ក្រុមគ្រូពេទ្យបានពិនិត្យមើលលើសាកសពរករោគសញ្ញាកូវីដ គឺ អវិជ្ជមាន។

ក្រោយពិនិត្យធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សពជូនគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

-->
adverise with khmeread