លួចកាបូបលុយ ឯកសារ និងដាក់កាំភ្លើងខ្លីក្នុងរថយន្តរយៈពេលកន្លះខែ ទើបចាប់ជនសង្ស័យ២នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ចំណោម៤នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន នាថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើសកម្មភាពលួចកាបូបលុយ ឯកសារ និងដាក់កាំភ្លើងខ្លី នៅមុខផ្សារច្បារអំពៅ ផ្លូវលេខ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១២ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១យប់។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ឈឹម ច័ន្ទដាវណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមន្ត្រីប៉ូលិស ស្នាក់នៅផ្ទះ២៦៤Eo ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា។

ចំណែកជនសង្ស័យ០២នាក់រួមមាន ១-ឈ្មោះព្រេង ភារ៉ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដនិង២-ឈ្មោះ សាន មេឃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ទាំង០២នាក់ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះទុករថយន្តម៉ាក Toyota Celica ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-0964 នៅចំណុចកើតហេតុ រួចទៅហូបនំបញ្ចុកក្បែរនោះ ដោយពុំបានចាក់សោទ្វាររថយន្តទេ។

ស្រាប់តែជនសង្ស័យ០២នាក់ឈ្មោះ ព្រេង ភារ៉ន និង ឈ្មោះ ព្រេង ភារ៉ុង ដើរមកបើកទ្វាររថយន្តលួចយកកាបូបស្ពាយពណ៌ខ្មៅជនរងគ្រោះ ក្នុងកាបូបមាន អាវុធខ្លី០១ដើម ម៉ាកCFK-៩៨ ពណ៌ខ្មៅ, បង់០១, គ្រាប់១៥គ្រាប់, ប្រាក់៥០០ដុល្លារ, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ០១សន្លឹក, លិខិតឆ្លងដែន០១ក្បាល, បណ្ណសម្គាល់យានយន្ត ០១សន្លឹក, អត្តសញ្ញាណបណ្ណនគរបាលជាតិ០១សន្លឹក, បណ្ណសម្គាល់អាវុធខ្លី០១សន្លឹក, បណ្ណបើកបរនគរបាលជាតិ០១សន្លឹក, បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន០១សន្លឹក រួចនាំគ្នាគេចខ្លួនទៅជួបបក្ខពួក២នាក់ទៀតឈ្មោះសាន មេឃ និងឈ្មោះ ម៉េត រួចនាំគ្នាដកយកលុយទិញគ្រឿងញៀនជក់និងស៊ីចាយអស់។ ចំណែកកាបូប និងសម្ភារៈនៅសល់ រួមនិងអាវុធខ្លី គឺឈ្មោះម៉េតជាអ្នកទុក។

ប៉ូលិសបន្តទៀតថា លុះដល់ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២១ វេលាម៉ោងយប់ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ ឈ្មោះ ព្រេង ភារ៉ន និងឈ្មោះ សាន មេឃ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២សាកសួរ។ ចំណែកលទ្ធផលធ្វើតេស្តទឹកនោម វិជ្ជមាន (មានសារធាតុញៀនទាំង ០២នាក់)។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់បានបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕


 

-->
adverise with khmeread