បើករថយន្តតូយ៉ូតាព្រូសបុករបាំងថ្មក្រឡាប់ផ្ងារកង់ទ្រមេឃម្ចាស់រងរបួសស្រាល

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿង ​ខណៈមេឃកំពុងភ្លៀងខ្លាំងលឿនពេកមិនប្រយ័ត្នបានរេចង្កូតបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យវៀចមួយកង់ រថយន្តក្រឡាប់ផ្ងារកង់ច្រងាងតៃកុងរងរបួសស្រាល ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ ២០២១នៅខាងលិចស្តុបណូគា  តាមបណ្ដោយផ្លូវលេខ២០០៤ កែងផ្លូវលេខ៣៧១(សឡា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA-2418 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ ទិសដៅពីលិចទៅកើតខណៈមេឃកំពុងភ្លៀង, លុះមកដល់ចំណុចកើតហេតុខាងលើ កែងផ្លូវលេខ៣៧១ (សឡា) បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យវៀចមួយកង់, ឯរថយន្តខ្ទេចមួយចំហៀងមុខហើយក្រឡាប់ផ្ងារកង់ឡើងលើច្រងាង។ ភ្លាមនោះតៃកុងរថយន្តបានលូនចេញពីរថយន្តរួចដើរទៅមន្ទីរពេទ្យដោយខ្លួនឯងបាត់ទៅ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

-->
adverise with khmeread