Andreas Christensen ឯកភាពទទួល​យក​កិច្ច​សន្យា​ថ្មី​ជាមួយ​ក្លឹប Chelsea ដែល​គ្រោងនឹងផ្តល់ប្រាក់ឈ្នួល​ទ្វេដង​

    តាមព័ត៌មានថា កីឡាករ Andreas Christensen យល់ព្រមទទួល​យក​កិច្ច​សន្យា​លេង​ថ្មីជាមួយ​ក្លឹប Chelsea ដែលនឹងធ្វើឲ្យ​ប្រាក់ឈ្នួល​របស់​កីឡាករ​រូប​នេះ​កើន​ទ្វេ​ដង។
    ខ្សែការ​ពារ​កណ្តាល​រូបនេះ​នឹង​ចប់​កិច្ច​សន្យា​នៅពហុកីឡាដ្ឋាន Stamford Bridge នៅ​ដំណាច់​រដូវកាល​នេះ ហើយ​បាន​បញ្ជាក់កាលពីខែមុន​ថា ខ្លួន​កំពុង​ចរចា​បន្ត​កិច្ច​សន្យា​លេង។
    កាសែត​ The Sun បាន​អះអាងកាលពីខែ​មុន​ថា Christensen ជិត​សម្រេចការ​ចុះកិច្ច​ព្រមព្រៀងថ្មីដែល​មាន​ប្រាក់ឈ្នួល​១២០​.០០​០​ផោន​ក្នុង​មួយ​សប្តាហ៍​ បន្ទាប់ពី​ដំបូង​ឡើង​ កីឡាកររូបនេះ​ត្រូវ​បាន​ស្នើ​ផ្តល់​ប្រាក់ឈ្នួល​ទាប​ជា​ង​ប្រាក់ឈ្នួល​បច្ចុប្បន្ន​ដែល​មាន​៧៨.០០០ផោន​ក្នុងមួយ​សប្តាហ៍។
    ប៉ុន្តែ​តាម​ព័ត៌មាន​ថា វាទាក់ទិន​នឹង​ពេលវេលា​ប៉ុណ្ណោះ ដែលត្រូវ​ចុះកិច្ច​សន្យា​នៅពេលណា​លក្ខខណ្ឌ​នៃកិច្ច​ព្រមព្រៀង​ត្រូវ​បាន​ឯក​ភាព​។ តាម​ព័ត៌មានដដែលថា មានក្លឹប​ពីរ​ចាប់អារម្មណ៍​ចង់បាន​ Christensen ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ ប៉ុន្តែ​អះអាងថា ការ​ចរចាមិនបានកើតឡើង​ទេ។
    កីឡាករ​សញ្ជាតិ​ដាណឺម៉ាករូបនេះ​បាន​ក្លាយ​ជា​សមាជិក​ប្រចាំ​ក្នុង​ក្រុម​ជម្រើស​ដំបូង​របស់​លោក Thomas Tuchel ដោយ​លេង​បាន​៩០​នាទី​ពេញ​នៅ​ក្នុង​៥​ប្រកួត​ចំណោម​៧​ប្រកួត​កម្រិតកំពូល​របស់​ក្រុម Chelsea នៅ​រដូវកាល​នេះ ខណៈ​ពេល​ក្រុម​នេះបោះជំហានឆ្ពោះទៅរកពាន​ជើង​ឯក Champions League កាល​ពី​រដូវកាល​មុន​៕
 

-->
adverise with khmeread