Gini Wijnaldum សារភាពថា ខ្លួន​មិន​សប្បាយចិត្ត​នឹង​ក្លឹប PSG បន្ទាប់ពីចូលរួម​បាន​រយៈ​ពេល​៤​ខែ​

    កីឡាករ Gini Wijnaldum បានសារភាពថា ខ្លួន​មិន​សប្បាយចិត្ត​សោះជាមួយនឹង​ក្លឹប Paris Saint Germain បន្ទាប់ពី​ធ្វើមិនបាន​ល្អ​ចាប់តាំងពីចាកចេញពី​ក្លឹប Liverpool នៅរដូវក្តៅនេះ។
    Wijnaldum គឺជា​សមាជិក​សំខាន់​នៃតំបន់បម្រើ​របស់​ក្រុម Liverpool រយៈពេល​៥​រដូវកាល​ ក្រោម​ការ​ដឹកនាំ​របស់​លោក Jurgen Klopp និង​បាន​ជួយ​ពួកគេ​ឈ្នះ​ពាន​នៅក្របខណ្ឌ Premier League និង Champions League។
    ប៉ុន្តែ​កីឡាករ​រូបនេះបានចាកចេញពី​ពហុកីឡាដ្ឋាន Anfield នៅ​ដើម​ឆ្នាំនេះ បន្ទាប់ពី​ខកខាន​មិនបាន​យល់ព្រម​នឹង​លក្ខខណ្ឌនៃកិច្ច​សន្យា​ថ្មី និង​សម្រេចចាកចេញពី​វិស័យបាល់ទាត់នៅអង់គ្លេស​ទៅ​ចូល​រួ​មជាមួយ​ក្រុម PSG។
    ទោះបីជា​យ៉ាងណា ការ​ចាប់ផ្តើម​របស់​កីឡាកររូបនេះ​នៅបារាំង​ហាក់ដូចជា​មិនសូវ​បានល្អ​ដូចការរំពឹងទុក ហើយ​ភាគច្រើន​មិន​ត្រូវ​បាន​រាប់បញ្ចូល​ក្នុង​ផែន​ការ​របស់​គ្រូបង្វឹក Mauricio Pochettino ទេ។
    កីឡាករសញ្ជាតិ​ហូឡង់​រូបនេះ​បាន​បង្ហាញ​១១​លើក​នៅគ្រប់ការ​ប្រកួត​មកដល់ពេលនេះនៅរដូវកាល​នេះ ប៉ុន្តែសរុបទៅ​លេងបានត្រឹម​៥០២​នាទីប៉ុណ្ណោះ​។ 
    Wijnaldum បច្ចុប្បន្ន​កំពុង​បំពេញភារកិច្ច​ជាមួយក្រុមជម្រើសជាតិ​ហូឡង់ហើយ​រំពឹងថា នឹង​លេងជម្រុះវើលខាប់ជាមួយក្រុម Gibraltar ផងដែរ។ 
    កីឡាករវ័យ៣០​ឆ្នាំរូបនេះ​សារភាពថា ការ​ចាប់ផ្តើម​របស់​ខ្លួន​នៅ​បារាំង​មាន​ការ​លំបាក​ ហើយ​មិនសប្បាយចិត្ត​ទាល់តែសោះ​ជាមួយ​ក្លឹប PSG។ 
    Wijnaldum បាន​និយាយថា “​ខ្ញុំ​មិន​សប្បាយចិត្ត​ទាល់តែ​សោះ​។ ពីព្រោះ​ស្ថានភាព​មិន​ដូចអ្វីដែល​ខ្ញុំចង់បាន​។ ប៉ុន្តែនេះគឺជា​រឿង​បាល់ទាត់​ ហើយ​ខ្ញុំនឹង​ត្រូវ​រៀន​សូត្រ​ ដើម្បី​ដោះស្រាយ​។ ខ្ញុំគឺជា​អ្នក​ប្រយុទ្ធ។ ខ្ញុំ​មាន​ចំណុចវិជ្ជមាន​និង​ប្រឹងធ្វើការ​ងារ ”៕
 

-->
adverise with khmeread