ក្រុមមន្ត្រីសត្វព្រៃអាមេរិកជួយដោះសំបកកង់ឡានចេញពីកប្រើសមួយក្បាលបន្ទាប់ពីជាប់នឹងក២ឆ្នាំ

អស់រយៈពេលពីរឆ្នាំមកហើយដែលប្រើសមួយក្បាលនេះឃើញមានសំបកកង់ឡាននៅជុំវិញករបស់វា។ ឥឡូវនេះបន្ទាប់ពីការប៉ុនប៉ងជាច្រើនលើក ក្រុមមន្ត្រីសត្វព្រៃបានដោះសំបកកង់ចេញពីកវាបានសម្រេចហើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានពីឧទ្យាននិងសត្វព្រៃរដ្ឋខូឡូរ៉ាដូ (CPW) កាលពី​ថ្ងៃចន្ទទី១១តុលាបានឱ្យដឹងថា សត្វប្រើសនេះត្រូវបានប្រទះឃើញជាលើកដំបូងដោយមន្រ្តី CPW ក្នុងឆ្នាំ ២០១៩ ដែលធ្វើការស្ទង់មតិលើចំនួនចៀមនិងពពែនៅតំបន់ភ្នំ Rocky Mountain នៅវាលរហោស្ថាន Mount Evans ស្ថិតនៅចម្ងាយ ៤៨ គីឡូម៉ែត្រពីភាគខាងលិចទីក្រុង Denver ។

មន្រ្តី CPW លោក Scott Murdoch បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា "ការចូលមកទីរហោស្ថានបែបនេះ យើងពិតជាមិនដែលរំពឹងចាប់ដៃបានសត្វប្រើសនោះឡើយទោះបីវានៅជិតឬឆ្ងាយពីតំបន់មនុស្សរស់នៅក៏ដោយ។ វាពិបាកណាស់ដើម្បីចាប់វាព្រោះកាន់តែដេញតាមវាវាទៅកាន់តែឆ្ងាយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេពិតជាពិបាកតាមរកប្រើសនិងពិបាកចូលកៀកវាណាស់"។

ចាប់តាំងពីពេលនោះមក ប្រើសព្រៃនេះត្រូវបានប្រទះឃើញពីរបីដងដោយកាមេរ៉ាបំពាក់តាមផ្លូវ ហើយវាចូលចិត្តធ្វើដំណើររវាងតំបន់ Park និងតំបន់ Jefferson។ មន្រ្តីសត្វព្រៃបានត្រួតពិនិត្យវាប៉ុន្មានឆ្នាំមកនេះហើយសំបកកង់មិនបានប៉ះពាល់ដល់សមត្ថភាពក្នុងការស៊ីចំណីនិងផឹកទឹករបស់វានោះឡើយ។ ប៉ុន្តែមន្រ្តីព័ត៌មានសាធារណៈរបស់ CPW លោក Jason Clay បាននិយាយថា ក្រុមមន្រ្តីបារម្ភថាវាអាចនឹងជំពាក់ជាមួយមែកឈើឬស្នែងរបស់ប្រើសដទៃទៀត។

CPW បានបញ្ចេញវីដេអូនិងរូបភាពរបស់ប្រើសនេះជាច្រើនឆ្នាំមកហើយដោយសង្ឃឹមថាសហគមន៍នឹងតេហៅនិងរាយការណ៍វា ប្រសិនបើបានឃើញវា។ កាលពីចុងសប្តាហ៍មុន តម្រុយព័ត៌មានពីសហគមន៍មួយពីទីក្រុងភីនរដ្ឋខូឡូរ៉ាដូបាននាំមន្រ្តីសត្វព្រៃជួយប្រើសអាយុ ៤ ឆ្នាំនេះដោយជោគជ័យ៕ ប្រភព ៖ CNN

 

-->
adverise with khmeread