រថយន្តទំនើប Rolls-Royce បើកបុករបាំងថ្មចែកទ្រូងផ្លូវនិងបង្គោលភ្លើងបំភ្លឺផ្លូវ

ភ្នំពេញ ៖ រថយន្តស៊េរីទំនើប Rolls-Royce មួយគ្រឿងបើកលឿនពេកចុះពីលើស្ពាន៧មករា ​សង្ស័យងោកបានជ្រុលទៅបុកក្បាលរបាំងថ្មចែកទ្រូងផ្លូវ​ និងបង្គោលភ្លើងបំភ្លឺផ្លូវបាក់រៀបដល់ដីរងការខូចខាត ហើយរថយន្តផុងមួយកំណាត់មុខទៅលែងរួច តែសំណាងល្អមិនមានមនុស្សរងរបួស។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះកើតឡើងកាលវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃពុធ ទី១៣ ខែ តុលា ឆ្នាំ២០២១ ស្ថិតតាមកំណាត់ផ្លូវសហព័ន្ធរុស្ស៊ីចំណុចចុងស្ពានអាកាស៧មករាប្រមាណ១៥០ម៉ែត្រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Rolls-Royce ពណ៌ស ពាក់ស្លាកលេខ កម្ពុជា MR IDOL បើកបរក្នុងទិសដៅពីកើតទៅលិចចុះពីលើស្ពាន៧មករាក្នុងល្បឿនលឿន, ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកក្បាលរបាំងថ្មចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវបាក់រៀបដល់ដីខូចខាត ហើយរថយន្តបង្កផុងមួយកំណាត់មុខជាប់ក្បាលរបាំងថ្មមិនអាចបន្តដំណើរទៅមុខទៀតបាន, ក្រោយហេតុការណ៍អ្នកបើកបរបានគេចខ្លួនពីកន្លែងកើតហេតុបាត់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញមកវាស់វែងស្ទូចរថយន្តបង្កយកទៅរក្សាទុករងចាំឱ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

-->
adverise with khmeread