ឃាត់បុរសជនជាតិចិន៥នាក់,លើ២ករណីពាក់ព័ន្ធគ្រឿងញៀននៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការប៉ូលិសខេត្តព្រះសីហនុ កម្លាំងប៉ូលិសជំនាញប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន២ករណីដោយឃាត់ជនសង្ស័យជាជនជាតិចិន៥នាក់ជាបន្តបន្ទាប់បញ្ជូនទៅសាលាដំបូងខេត្តផ្តន្ទាទោសតាមច្បាប់។

ករណីទី១-កម្លាំងប៉ូលិសជំនាញប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាបករណីគ្រឿងញៀន នៅថ្ងៃទី​១២ ​ខែ​តុលា​ ឆ្នាំ២០២១​ វេលាម៉ោង០២​ និង២០នាទីរំលងអធ្រាត្រ បានឃាត់ជនសង្ស័យម្នាក់ នៅចំណុចក្រុម​០១ ភូមិ០៦ សង្កាត់​លេខ​០៤ ក្រុង-ខេត្តព្រះសីហនុ​។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ WANG XI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី០១ ភូមិ០៦ សង្កាត់០៤ ក្រុង-ខេត្ដព្រះសីហនុ​។ វត្ថុតាងដកហូតបានរួមមាន ម្សៅក្រាម​ពណ៌សថ្លា​សង្ស័យសារធាតុញៀន​០១កញ្ចប់​, ម៉ាស៊ីនកិនកញ្ឆាមួយ, កន្ទុយបារីសម្រាប់ដាក់កញ្ឆាមួយចំនួន, ទូរសព្ទ​ដៃ ០១គ្រឿងនិងរថយន្តចំនួន០១គ្រឿង​។

ករណីទី២-កម្លាំងប៉ូលិសជំនាញប្រឆាំងគ្រឿងញៀនខេត្ត មានការសម្របសម្រួលពីលោកពេញ ពិសិដ្ឋ ព្រះរាជ្ញអាជ្ញារង បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី​១១ ​ខែ​តុលា​ ឆ្នាំ២០២១​ វេលាម៉ោង៨យប់ ដោយបានឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់។

ប៉ូលិសនិយាយថា ដំបូងប៉ូលិសចុះបង្ក្រាបនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅចំណុចខាងក្រោយកាស៊ីណូ ហួយ ហ័រ ក្រុម១១ ភូមិ០១ សង្កាត់០២ ក្រុង-ខេត្ដព្រះសីហនុ ដោយឃាត់ឈ្មោះ ZHANG HONG YOU ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី២១ ភូមិ០៤ សង្កាត់០៣ ក្រុង-ខេត្ដព្រះសីហនុ ។

វត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមសង្ស័យជាសារធាតុញៀនចំនួន ២៦កញ្ចប់,ម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១១ កញ្ចប់,ថ្នាំញៀនអ៊ិចស្តាស៊ី ប្រភេទម្សៅ (MDMA) ចំនួន០១កញ្ចប់, ថ្នាំញៀនអ៊ិចស្តាស៊ី ប្រភេទទឹក (MDMA) ចំនួន០៤ដប, ថ្នាំគ្រាប់អក្សWY មេតំហ្វេតាមីន០៣កញ្ចប់និងទូរសព្ទ២គ្រឿង។

យោងតាមចម្លើយសារភាព កម្លាំងប៉ូលិសជំនាញ ក៏បានឈានដល់ឆែកផ្ទះជួលមួយកន្លែងនៅក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃខែឆ្នាំដដែល ក៏បានឃាត់ខ្លួនជនសង្ស័យ០២នាក់បន្តទៀត។

ប៉ូលិសបន្តថា ជនសង្ស័យ២នាក់រួមមាន ១-មានឈ្មោះ CHEN JING HUAI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ និង២-ឈ្មោះ CHEN GUO FENG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុង- ខេត្តព្រះសីហនុ។

វត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន០៥កញ្ចប់,រុក្ខជាតិក្រៀមសង្ស័យជាសារធាតុចំនួន០១កញ្ចប់,ម្សៅក្រាមសង្ស័យជាសារធាតុ​ ចំនួន១២កញ្ចប់, ថ្នាំគ្រាប់អក្សWY មេតំហេ្វតាមីន ចំនួន ១៣កញ្ចប់,ថ្នាំញៀនអ៊ិចស្តាស៊ីប្រភេទទឹក(MDMA) ចំនួន ០២ដប,ថ្នាំញៀនអ៊ិចស្តាស៊ីប្រភេទម្សៅ (MDMA) ចំនួន ០២កញ្ចប់, ម្សៅក្រាមពណ៌ ប្រផេះសង្ស័យជាសារធាត់ញៀនចំនួន ០១ កញ្ចប់,ជញ្ជីងថ្លឹងថ្នាំចំនួន០២គ្រឿងនិងទូរសព្ទចំនួន ០១ គ្រឿង ។

ប៉ូលិសបន្តថា នៅវេលាម៉ោង០២ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ZHANG HONG YOU បានបន្តសហការជាមួយកម្លាំងប៉ូលិសជំនាញដោយបាននាំទៅឆែកឆេរបន្ទប់ស្នាក់នៅមួយកន្លែងរបស់ជនសង្ស័យឈ្មោះ LU JIAN MIN ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រកដ ទីលំនៅបច្ចុប្បន្ន ក្រុម១១ ភូម០១ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ វត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមសង្ស័យជាសារធាតុញៀនចំនួន ០៧ កញ្ចប់និងទូរសព្ទចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់លើ២ករណីខាងលើ រួមទាំងវត្ថុតាងខាងលើត្រូវបានប៉ូលិសជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានខេត្តព្រះសីហនុ​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

-->
adverise with khmeread