គ្រូបង្វឹកបាល់ទាត់សញ្ជាតិអង់គ្លេសម្នាក់ជាប់គុក២៥ឆ្នាំនៅឌូបៃពីបទមានកញ្ឆានៅក្នុងរថយន្ត

គ្រូបង្វឹកបាល់ទាត់ជនជាតិអង់គ្លេសម្នាក់ត្រូវបានជាប់គុក ២៥ ឆ្នាំនៅឌូបៃបន្ទាប់ពីកូនដបសារធាតុរាវ Vape ចំនួន ៤ ដបតូចមានផ្ទុកប្រេងកញ្ឆាត្រូវបានរកឃើញនៅក្នុងរថយន្តរបស់គាត់។

លោក Billy Hood មកពី Notting Hill ភាគខាងលិចទីក្រុងឡុងដ៍ត្រូវបានផ្តន្ទាទោសយ៉ាងតឹងរ៉ឹងបើទោះបីជាអាចបង្ហាញភស្តុតាងថាសារធាតុរាវ Vape ជាកម្មសិទ្ធិរបស់មិត្តភក្តិដែលមកលេងពួកគេដោយច្រឡំដាក់ក្នុងឡានក៏ដោយ។

គ្រូបង្វឹកផ្នែកកាយសម្បទាវ័យ ២៤ ឆ្នាំដែលប្រឆាំងគ្រឿងនឹងញៀននិងមិនជក់បារីរូបនេះត្រូវបានតុលាការផ្តន្ទាទោសពីបទជួញដូរគ្រឿងញៀនជាមួយបំណងផ្គត់ផ្គង់សារធាតុញៀន។

ប៉ូលិសនៅឌូបៃផ្តោតមុខសញ្ញាតតាមចាប់លោក Hood បន្ទាប់ពីត្រួតពិនិត្យសារ WhatsApp និងប្រវត្តិស្វែងរកពាក្យគន្លឹះទាក់ទងនឹងគ្រឿងញៀន។ មួយសប្តាហ៍មុនពេលចាប់ខ្លួន មិត្តរបស់គាត់ដែលជាម្ចាស់កូនដបទាំងនោះបានផ្ញើសារប្រាប់ Hood ថាគាត់បានទុកវាចោលដោយច្រឡំនៅក្នុងឡានរបស់គាត់។

អ្នកគ្រប់គ្រងទីក្រុងឌូបៃព្រះអង្គម្ចាស់ Sheikh Mohammed ត្រូវបានគេលាតត្រដាងកាលពីសប្តាហ៍មុនថាបានប្រើ Spyware ដើម្បីលួចចូលក្នុងទូរស័ព្ទរបស់អតីតភរិយានិងជាមេធាវីរបស់គាត់ឈ្មោះ Baroness Shackleton ខណៈពេលសវនាការកំពុងប្រព្រឹត្តទៅនៅតុលាការកំពូល។

អារ៉ាប់រួមអេមីរ៉ាតត្រូវបានគេដឹងថាជាអ្នកប្រើប្រាស់កម្មវិធី Spyware ផលិតដោយអ៊ីស្រាអែលដែលគេស្គាល់ថា Pegasus ។

Hood ដែលបានលេងបាល់ទាត់ពាក់កណ្តាលអាជីពសម្រាប់ក្លឹប Kensington និង Ealing Borough FC ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលប៉ូលិសបានមកផ្ទះរបស់គាត់ដោយមិននឹកស្មានដល់កាលពីខែមករាហើយទាមទារឆែកឆេរផ្ទះនិងឡានក្រុមហ៊ុនរបស់គាត់។

កូនដបចំនួន ៤ ដែលមានផ្ទុកប្រេងកញ្ឆានិងឧបករណ៍ជក់បារីអេឡិចត្រូនិចត្រូវបានរកឃើញនៅទ្វារអ្នកដំណើរ។

បន្ទាប់ពីចាប់ខ្លួន លោក Hood បានស្ម័គ្រចិត្តធ្វើតេស្តទឹកនោមរកសារធាតុញៀនដែលមានលទ្ធផលអវិជ្ជមាន។ យ៉ាងណាមិញគាត់នៅតែរងការចោទប្រកាន់ជាប់ទោសនេះដដែល។

កញ្ឆានិងប្រេងកញ្ឆាគឺខុសច្បាប់នៅឌូបៃហើយមិនមានការអត់ឱនចំពោះអ្នកប្រើប្រាស់គ្រឿងញៀននោះឡើយ៕ ប្រភព ៖ Daily Mail
 

-->
adverise with khmeread