បញ្ជូនថៅកែស្ថានីយ៍ប្រេងឥន្ធនៈ៣នាក់ទៅតុលាការ រឿងចាក់ប្រេងមិនគ្រប់លីត្រ

កណ្តាល ៖ ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ៣ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីមិនអនុលោមតាមច្បាប់ ឬលក់សាំងមិនគ្រប់លីត្រជូនអតិថិជន ហើយបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះចាត់ការតាមនីតិវិធី។

សមត្ថកិច្ចនិយាយថា មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ សាខាខេត្តកណ្តាល (ក.ប.ប.), កម្លាំងប៉ូលិសការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្តាល ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានចុះទៅត្រួតពិនិត្យនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ចាន់ធឿន និង ស្ថានីយ៍ប្រេងឥន្ទនៈតេលាដេប៉ូ ម៉ាក់ ម៉ីម៉ី ដែលស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចជំនាញបានពិនិត្យឃើញថា «មានមិនប្រក្រតីមួយចំនួន មិនមានអនុលោមតាមបទបញ្ញត្តិច្បាប់ និង លក់សាំងមិនគ្រប់លីត្រជូនអតិថិជន ហើយធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងចាត់ការតាមផ្លូវច្បាប់តែម្តង»។

សមត្ថកិច្ចបន្តថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ ហ៊ុយ សុខហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ, ២-ឈ្មោះ នុត វាន់ឌឿន ភេទប្រុស អាយុ៤៦ឆ្នាំ និង៣-ឈ្មោះ ថូ សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបន្តថា ដេប៉ូ ម៉ាក់ ម៉ីម៉ី ប្រេងសាំងធម្មតាពិនិត្យឃើញខ្វះ៧លីត្រក្នុង១០០លីត្រ, ប្រេងសាំងស៊ុបពែរ ខ្វះ៨,៨លីត្រក្នុង១០០លីត្រ​និងប្រេងម៉ាស៊ូត ខ្វះ៥,០៥លីត្រ ក្នុង១០០លីត្រ។ ចំណែកដេប៉ូ ចាន់ ធឿន រកឃើញប្រេងសាំងធម្មតា ខ្វះ៥,៣លីត្រ ក្នុង១០០លីត្រ, ប្រេងសាំងស៊ុបពែរ ខ្វះ៥,៨លីត្រ ក្នុង១០០លីត្រ និង ប្រេងម៉ាស៊ូត ខ្វះ៦,១៥លីត្រ ក្នុង១០០លីត្រ ទើបសមត្ថកិច្ចបានធ្វើការបិទសៀលផ្លំបេ ទៅលើដៃបូមប្រេងឥន្ទនៈ និងផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មរបស់ដេប៉ូ ប្រេងឥន្ទនៈទាំង២នេះ។

លុះដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឈ្មោះ ហ៊ុង សុខហ៊ាង បានមកដល់ចំណុចស្ថានីយ៍ប្រេងឥន្ទនៈ តេលាដេប៉ូ ចាន់ ធឿន របស់ខ្លួន ហើយក៏បានយកកន្ត្រៃមកធ្វើការកាត់ផ្តាច់ខ្សែលួស ឬ សៀលដើម្បីធ្វើការបើកលក់អាជីវកម្មរបស់គាត់ជាធម្មតាវិញ។​ ចំណែកឈ្មោះ ថូ សុផាត នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានយកកន្ត្រៃមកកាត់ខ្សែលួស ឬ សៀលដែលសមត្ថកិច្ចបានបិទនោះ ដើម្បីបើកលក់អាជីវកម្មជាធម្មតាវិញផងដែរ។

បន្ទាប់មកក្រុមគណៈកម្មាធិការចម្រុះ ក.ប.ប បានចុះទៅបិទអាជីវកម្មម្តងទៀត និង នាំខ្លួនជនទាំង៣នាក់នោះ មកស្នងការដ្ឋានប៉ូលិសខេត្តកណ្តាល ដើម្បីធ្វើការសាកសួរតែម្តង។ ចំពោះករណីនេះកម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានបញ្ជូនថៅកែហាងការ៉ាស់សាំងទាំង៣នាក់ទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីបន្តនីតិវិធីច្បាប់៕

-->
adverise with khmeread