តុលាការកំពូលសិង្ហបុរីបង្គាប់ឱ្យនិពន្ធនាយកវេបសាយមួយបង់សំណងជំងឺចិត្ត ៦៥.០០០ ដុល្លារដល់នាយករដ្ឋមន្ត្រីលី សៀនឡុងពីបទបរិហាកេរ្តិ៍

ចៅក្រមតុលាការកំពូលបានបង្គាប់ឱ្យលោកធឺរី ស៊ូ (Terry Xu) និពន្ធនាយកនៃវេបសាយព័ត៌មានដែលឥឡូវត្រូវបានបិទចោលឈ្មោះថា The Online Citizen (TOC) បង់ប្រាក់ចំនួន ៨៧.៨៣២.៩៣ ដុល្លារសិង្ហបុរី (៦៥.០០០ ដុល្លារអាមេរិក) ដល់នាយករដ្ឋមន្ត្រីលី សៀនឡុងសម្រាប់ការចំណាយនានានិងសំណងជំងឺចិត្តសម្រាប់បណ្តឹងបរិហារកេរ្តិ៍។

លោកលីបានប្តឹងលោកស៊ូពីបទបរិហារកេរ្តិ៍ជុំវិញអត្ថបទមួយដែលសរសេរដោយអ្នកនិពន្ធរបស់វេបសាយ TOC នាង Rubaashini Shunmuganathan អំពីជម្លោះរបស់លោកលីជាមួយបងប្អូនរបស់គាត់ជុំវិញផ្ទះគ្រួសាររបស់ពួកគេនៅផ្លូវ 38 Oxley។

តុលាការកំពូលបានសម្រេចឱ្យផ្តល់សំណងខូចខាតសរុបចំនួន ២១០.០០០ ដុល្លារសិង្ហបុរីដល់នាយករដ្ឋមន្ត្រី។ ក្នុងរឿងនេះ លោកស៊ូនិងនាង Rubaashini ត្រូវទទួលខុសត្រូវរួមគ្នាចំពោះប្រាក់សំណងសរុបចំនួន ១៦ ម៉ឺនដុល្លារសិង្ហបុរី ខណៈតុលាការបានកត់សម្គាល់ថាលោកលីមិនអាចទទួលសំណងទ្វេដងនោះឡើយ។

ប្រាក់សំណងបន្ថែមចំនួន ៥០.០០០ ដុល្លារសិង្ហបុរីគឺជាការខូចខាតធ្ងន់ធ្ងរដែលមានតែលោកស៊ូម្នាក់ឯងប៉ុណ្ណោះត្រូវបង់សង។

លោកស៊ូបានរៃអង្គាសប្រាក់បានជាង ២១០.០០០ ដុល្លារសិង្ហបុរីតាមរយៈការសុំមូលនិធិពីសាធារណជន។ នាង Rubaashini មិនបានបង្ហាញមុខនៅសវនាការនោះទេ។

សវនាការលើប្រាក់សំណងជំងឺចិត្តត្រូវបានប្រកាសនៅក្នុងបន្ទប់តុលាការកាលពីព្រឹកថ្ងៃពុធទី១៣តុលា។ មេធាវីរបស់លោកស៊ូ គឺលោក Lim Tean បានសរសេរនៅលើហ្វេសប៊ុកបន្ទាប់ពីសវនាការថាកូនក្តីរបស់គាត់ត្រូវបង់លុយឱ្យលោកលីចំនួន ៨៧.៨៣២.៩៣ ដុល្លារសិង្ហបុរី។

ឆ្លើយតបទៅនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយ លេខាសារព័ត៌មានរបស់នាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មីថាលោកលីនឹងបរិច្ចាគលុយទាំងនោះដល់សប្បុរសធម៌ចំពោះសំណងខូចខាតដែលគាត់បានទទួល៕ ប្រភព ៖ CNA

-->
adverise with khmeread