ទិញថ្នាំញៀនពីម្តុំវាលខ្សាច់ចាក់អង្រែ មកលក់បន្តត្រូវប៉ូលិសស្រុកកៀនស្វាយវ៉ៃខ្នោះ

កណ្តាល ៖ ប៉ូលិសស្រុកកៀនស្វាយ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)នាថ្ងៃទី ១៧ខែ តុលា ឆ្នាំ ២០២១នេះ វេលាម៉ោង១២និង៤០នាទី នៅចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ស៊ឺ ធី ហៅថា ភេទប្រុស អាយុ  ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសារធាតុញៀននិង អវិជ្ជមានកូវីដ និង២-ឈ្មោះយ៉ន ធឿន ហៅម៉ោង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានសារធាតុញៀននិងអវិជ្ជមានកូវីដ។

វត្តុតាងចាប់យករួមមាន  ឭម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១១កញ្ចប់តូច ទំងន់៣,០៩ក្រាមនិងទូរសព្ទ០១គ្រឿងម៉ាក Nokia។

ប៉ូលិសបន្តថា នាថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១វេលាម៉ោង១១ និង៣០នាទីនេះ កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនស្រុក ដឹកនាំដោយលោកអធិការស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយ បានចុះល្បាតតាមភូមិសាស្រ្ត ឃុំកំពង់ស្វាយ ។

លុះដល់ម៉ោង១២និង៤០នាទី ក៏ល្បាតមកដល់ចំណុចកើតហេតុបានឃើញមុខសញ្ញាសង្ស័យ២នាក់ឈ្មោះ ស៊ឺ ធី (ថា) ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ យ៉ន ធឿន (ម៉ោង) ភេទប្រុស អាយុ ២៩ឆ្នាំ កំពុងឈរនៅលើផ្លូវលំចូលដីតាបារាំង, ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានឈប់សួរនាំ និងធ្វើការឆែកឆេរទៅលើខ្លួនជនសង្ស័យទាំង០២នាក់ រកឃើញ ថ្នាំញៀន (ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច, បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង០២នាក់ យកមកផ្នែកប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យ ឈ្មោះ ស៊ឺ ធី (ថា) ភេទប្រុស បានសារភាពថា «ថ្នាំញៀនចំនួន១០កញ្ចប់តូចខាងលើ ពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញ ពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ នៅវាលខ្សាច់ សង្កាត់ចាក់អង្រែ រាជធានីភ្នំពេញ តម្លៃ ១០០០០០រៀល (ដប់ម៉ឺនរៀល)យកមករំលែក ជាកញ្ចប់តូចៗ ទុកលក់បន្ត »។ 

ចំណែក ឈ្មោះ យ៉ន ធឿន (ម៉ោង) ភេទប្រុស បានសារភាពថា «ថ្នាំញៀន០១កញ្ចប់តូច ដែលខ្លួនកាន់នៅនឹងដៃជារបស់ខ្លួន ដែរទើបទិញពីឈ្មោះ ស៊ឺ ធី(ថា) ភេទប្រុស តំលៃ៣០០០០រៀល (បីម៉ឺនរៀល) ដើម្បីមកប្រើប្រាស់»។

បន្ទាប់ពីសួរនាំរួច កម្លាំងសមត្តកិច្ចក៏បានបញ្ជួនជនសង្ស័យទាំង០២នាក់ រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

-->
adverise with khmeread