ស្វាសម្លា.ប់បុរសឥណ្ឌាម្នាក់ដោយគប់នឹងដុំឥដ្ឋ

បុរសម្នាក់ត្រូវបានសម្លាប់នៅប្រទេសឥណ្ឌាបន្ទាប់ពីស្វាគប់ដុំឥដ្ឋចំក្បាលគាត់ពីជាន់ទី ២ នៃអគារ។

ប៉ូលិសក្នុងតំបន់បានបញ្ជាក់កាលពីថ្ងៃពុធទី២០តុលាថា លោក Mohammad Kurbaan អាយុ ៣០ ឆ្នាំត្រូវបានសម្លាប់បន្ទាប់ពីដុំឥដ្ឋធ្លាក់ចំក្បាលនៅតំបន់ Nabi Karim កណ្តាលទីក្រុងដេលី។

Kurbaan ដែលលក់កាបូបនៅហាងមួយនៅតំបន់នោះ បានដួលសន្លប់បន្ទាប់ពីត្រូវនឹងដុំឥដ្ឋហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ទីដែលគ្រូពេទ្យប្រកាសថាគាត់ស្លាប់។

សារព័ត៌មាន Indian Express បានរាយការណ៍ថា របាយការណ៍ព័ត៌មានបឋម (FIR) ត្រូវបានប៉ូលិសប្រគល់ឱ្យទៅបុគ្គលមិនបញ្ចេញឈ្មោះម្នាក់ក្រោមមាត្រាស្តីពីការបង្កមរណភាពដោយការធ្វេសប្រហែស។

ខណៈកំពុងស៊ើបអង្កេត ប៉ូលិសបានរកឃើញថា ម្ចាស់អគារបានទុកឥដ្ឋពីរដុំនៅពីលើគម្របធុងទឹកដើម្បីការពារកុំឱ្យស្វាបើក។

ប៉ូលិសបាននិយាយថា ស្វាមួយហ្វូងអាចដកដុំឥដ្ឋទាំង ២ ចេញបានសម្រេច ហើយគប់មួយដុំចំក្បាលលោក Kurbaan និងគប់មួយដុំទៀតទៅលើដីក្បែរនោះ។

ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីភរិយារបស់មេដឹកនាំគណបក្សនយោបាយធំមួយនៅឥណ្ឌាបានធ្លាក់ពីលើផ្ទះស្លាប់កាលពីដើមខែនេះខណៈព្យាយាមរត់គេចពីការវាយប្រហាររបស់ស្វា។

លោកស្រី Sushma Devi អាយុ ៥០ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ុន្តែគួរឱ្យសោកស្តាយបានស្លាប់ដោយសាររបួស៕ ប្រភព ៖ Daily Mail

-->
adverise with khmeread