ចោរកំពូលល្ងង់! ឆក់ទូរស័ព្ទអ្នកកាសែតកំពុងឡាយព័ត៌មាន មហាជនរាប់ម៉ឺននាក់មើលឃើញនិងស្គាល់មុខ រាយការណ៍ឱ្យប៉ូលិសចាប់ខ្លួនបានងាយៗ

ចោរម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីគាត់បានឆក់យកទូរស័ព្ទរបស់អ្នកកាសែតអេហ្ស៊ីបម្នាក់ខណៈអ្នកកាសែតកំពុងផ្សាយបន្តផ្ទាល់និងផ្សាយមុខផ្ទាល់របស់ចោរទៅកាន់អ្នកទស្សនារាប់ពាន់នាក់ពេលដែលចោរកំពុងបង្កើនល្បឿនរត់គេចខ្លួន។

ជនសង្ស័យត្រូវបានចាប់ខ្លួនប៉ុន្មានម៉ោងបន្ទាប់ពីហេតុការណ៍នេះដោយសារអ្នកប្រើប្រាស់ហ្វេសប៊ុករាប់មិនអស់អាចកំណត់អត្តសញ្ញាណគាត់ថាជាចោរ។

អ្នកយកព័ត៌មានអេហ្ស៊ីបដែលកំពុងឡាយផ្ទាល់ត្រូវបានចោរឆក់ទូរស័ព្ទតាមម៉ូតូខណៈដែលរូបគេបានរត់គេចខ្លួនបន្ទាប់ពីឆក់យកទូរស័ព្ទនៅលើស្ពានមួយក្នុងទីក្រុងគែរប្រទេសអេហ្ស៊ីបកាលពីថ្ងៃទី ១៩ ខែតុលា។

អ្នកឡាយព័ត៌មានឈ្មោះ Mahmoud Raghebv មកពីកាសែតអេហ្ស៊ីបឈ្មោះ The Seventh Day កំពុងផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុកនិងឈរថតលើស្ពានជាមួយទូរស័ព្ទរបស់គាត់នៅពេលមានករណីប្លន់កើតឡើង។

អ្នកផ្សាយកំពុងរាយការណ៍អំពីការរញ្ជួយដីថ្មីៗនេះនៅជិតស្ពាននៅពេលដែលម៉ូតូចោរបានមកជិតគាត់។

ដូចដែលបានឃើញនៅក្នុងវីដេអូអ្នកជិះម៉ូតូរូបនោះបានឆក់យកទូរស័ព្ទពីអ្នកកាសែតហើយបន្ទាប់មកដាក់ទូរស័ព្ទនៅចន្លោះជើងរបស់វានៅពេលចោរកំពុងជិះម៉ូតូគេចខ្លួន។

ជាក់ស្តែងចោរម្នាក់នេះមិនបានដឹងថាទូរស័ព្ទកំពុងបើកឡាយផ្ទាល់ទេហើយថែមទាំងសម្លឹងមើលកាមេរ៉ាទូរស័ព្ទដោយផ្ទាល់ជាមួយបារីនៅក្នុងមាត់របស់គាត់ខណៈដែលអ្នកទស្សនា ២ ម៉ឺននាក់នៅលើហ្វេសប៊ុកបានមើលព្រឹត្តិការណ៍ដ៏ចម្លែកនេះ។

អាជ្ញាធរបានបើកការស៊ើបអង្កេតហើយដោយសារតែចោរបានបង្ហាញមុខរបស់គាត់យ៉ាងច្បាស់ជាហេតុងាយស្រួលដល់ប៉ូលិសតាមចាប់ខ្លួនចោរក្នុងរយៈពេលមិនដល់ ២៤ ម៉ោងផង។

ក្រសួងមហាផ្ទៃបាននិយាយថាចោរបានលក់ទូរស័ព្ទនេះបន្ទាប់ពីការផ្សាយផ្ទាល់បានបញ្ចប់ហើយជនសង្ស័យត្រូវបានចាប់ខ្លួនប៉ុន្តែគេមិនច្បាស់ទេថាតើជនសង្ស័យនឹងត្រូវប្រឈមមុខនឹងអ្វីខ្លះ៕ ប្រភព ៖ Daily Mail

 

-->
adverise with khmeread