បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមរយៈបញ្ញើឥវ៉ាន់ពីខេត្តព្រះវិហារមកភ្នំពេញ

ភ្នំពេញ ៖ កម្លាំងប៉ូលិសចម្រុះប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមរយៈបញ្ញើឥវ៉ាន់ពីខេត្តព្រះវិហារមកភ្នំពេញត្រូវបានប៉ូលិសរឹបអូសវត្ថុតាង ប៉ុន្តែមិនទាន់ឃាត់ជនសង្ស័យបាននៅឡើយ ហើយវត្ថុតាងនោះបានប្រគល់ឱ្យប៉ូលិសខេត្តព្រះវិហារចាត់ការបន្តតាមនីតិវិធី។

ប៉ូលិសនិយាយថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មានពី ប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រះវិហារ មានករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមរយៈបញ្ញើឥវ៉ាន់, ភ្លាមនោះកម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យ បានសហការជាមួយកម្លាំងប៉ូលិសខណ្ឌដូនពេញ ដោយមានការចូលរួមពី លោកនាយរងការិយាល័យ, លោកនាយផ្នែក និងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះទៅត្រួតពិនិត្យដល់ក្រុមហ៊ុនដឹកអ្នកដំណើរ GTF នៅចំណុចផ្លូវលេខ១៤២ កែងផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

ប៉ូលិសបន្តថា ជាលទ្ធផលកម្លាំងបានត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងរួមមាន ១-ក្រាមពណ៌ផ្កាឈូកសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់, ២-សំបកថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និង៣-កាបូបស្ពាយ ពណ៌ទឹកប៊ិចសម្រាប់ទុកគ្រឿងញៀនចំនួនមួយ។

ប៉ូលិសបន្តទៀតថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានប្រគល់វត្ថុតាងខាងលើទៅឱ្យកម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

-->
adverise with khmeread