ឃាត់ខ្លួនប្រុសស្រី៦៧នាក់ប្រមូលផ្តុំគ្នាផឹកស៊ី នៅភោជនីយដ្ឋាន DM ល្មើសវិធានការសុខាភិបាល

ភ្នំពេញ ៖ ទីតាំងភោជនីយដ្ឋានយីហោ DM  លួចបើកខារ៉ាអូខេ មានមនុស្សប្រមូលម្តុំមិនរក្សាគម្លាតល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះបង្រ្កាប និងឃាត់មនុស្សប្រុសស្រី៦៧នាក់ កាលពីវេលាម៉ោង៩ និង៣០ នាទីយប់ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ២១៥ កែងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក។

សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីមានការស៊ើបអង្កេតដឹងថានៅទីតាំងភោជនីយដ្ឋាន យីហោ DM លួចបើកបង្កឱ្យមានមនុស្សប្រមូលផ្តុំច្រើន  រថយន្តស៊េរីទំនើបៗនិងម៉ូតូជាច្រើនគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឡោមព័ទ្ធ ខណៈពេលដែលម្ចាស់រថយន្តនិងម៉ូតូកំពុងតែអង្គុយផឹកស៊ីច្រៀងសប្បាយនៅខាងក្នុងភោជនីយដ្ឋានល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះមនុស្សប្រុសស្រី៦៧នាក់ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ឃាត់ខ្លួន រួចទំនាក់ទំនងក្រុមគ្រូពេទ្យចុះទៅយកសំណាកនៅក្នុងភោជនីយដ្ឋាននេះតែម្តង។

សូមបញ្ជាក់ថា ភោជនីយដ្ឋាន ដែលត្រូវអនុញ្ញាតក្នុងចំណុច ​ខាងលើដាច់ខាតមិនត្រូវលក់គ្រឿងស្រវឹងឬអនុញ្ញាត ឱ្យអតិថិជនសេពគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងបរិវេណអាជីវកម្ម របស់ខ្លួនឡើយ។ ប៉ុន្តែភោជនីយដ្ឋានខាងលើ បានទទួលភ្ញៀវផឹកស៊ី យ៉ាងសប្បាយ ល្មើស និងវិធានការសុខាភិបាល និងសេចក្តីណែនាំ របស់ រដ្ឋបាលរាជធានីភ្នំពេញទៅវិញ អាចបង្កឱ្យមានហានិភ័យ និងការរីករាលដាលនូវជំងឺកូវីដ-១៩​។ 

បច្ចុប្បន្នមនុស្សប្រុសស្រីទាំងនោះត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ដើម្បីចាត់ការតាមផ្លូវច្បាប់៕


 

-->
adverise with khmeread