រថយន្តកុងតឺន័របុករថយន្តស៊េរីទំនើបមួយគ្រឿងត្រង់ចំណុចផ្លូវបំបែកជាបួន

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក LAND ROVER មួយគ្រឿងត្រង់ចំណុចផ្លូវបំបែកជាបួនពីចំហៀងរងការខូចខាតខ្ទេចខ្ទី កើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុងបំបែកជាបួនបុរី ភ្នំពេញថ្មី២ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាក លេខភ្នំពេញ 3F-4456 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីត្បូងទៅជើង, លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបំបែកជាបួន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LAND ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BQ- 1507 ធ្វើដំណើរ តាមបណ្តោយផ្លូវបេតុងទិសដៅពីកើតទៅលិចចំពីចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរថយន្តស៊េរីទំនើបរងការខូចខាតយ៉ាងដំណំ, ចំណែករថយន្តកុងតឺន័រខូចខាតផ្នែកខាងមុខ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះមិនបណ្ដាលឱ្យមនុស្សរងរបួសឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក និងរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕


 

-->
adverise with khmeread