អភិបាលខេត្តអ៊ីរ៉ង់ម្នាក់កំពុងនិយាយសុន្ទរកថាសម្ពោធតំណែងថ្មីរបស់គាត់ ត្រូវបុរសម្នាក់ឡើងមកទះមួយកំផ្លៀងដោយសាររឿងហួសចិត្តមួយ

ពិធី​សម្ពោធកាន់តំណែង​របស់អភិបាលខេត្ត​អ៊ីរ៉ង់ម្នាក់​ត្រូវ​បានរំខាន​ដោយ​បុរស​ម្នាក់​ដែល​ដើរ​លើ​ឆាកហើយ​ទះ​កំផ្លៀង​គាត់ ​ព្រោះ​គាត់​ខឹងដែលគេបញ្ជូនគ្រូពេទ្យប្រុសឱ្យមកចាក់វ៉ាក់សាំងកូវីដដល់​ប្រពន្ធរបស់​គាត់ជាស្រី។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars ដែលមានទំនាក់ទំនងជាមួយរបបដឹកនាំអ៊ីរ៉ង់បានឱ្យដឹងកាលពីថ្ងៃសៅរ៍ទី២៣តុលាថា លោក Abedin Khorram ដែលត្រូវបានតែងតាំងជាអភិបាលខេត្ត East Azerbaijan នៅភាគពាយព្យប្រទេសអ៊ីរ៉ង់ ត្រូវបានទះកំផ្លៀងដោយ "សមាជិកនៃកងកម្លាំងប្រដាប់អាវុធម្នាក់" ក្នុងអំឡុងពេលពិធីនេះ។

លោក Khorram គឺជាអតីតមេបញ្ជាការខេត្ត IRGC ហើយធ្លាប់ត្រូវបានចាប់ពង្រត់កាលពីអតីតកាលដោយកងកម្លាំងឧទ្ទាមស៊ីរី។

បន្ទាប់​ពី​ឡើង​វេទិកា​សម្រាប់​សុន្ទរកថា​សម្ពោធ​តំណែងរបស់​គាត់ បុរស​នោះ​បាន​ដើរ​លើ​ឆាកហើយ​ទះ​កំផ្លៀងលោក Khorram មួយទំហឹង។

ហេតុផលសម្រាប់ការវាយប្រហារនេះគឺមិនទាន់ច្បាស់ទេ ប៉ុន្តែរបាយការណ៍មួយនិយាយថាបុរសនោះមិនសប្បាយចិត្តទេដែលប្រពន្ធគាត់ជាស្រីបែរជាត្រូវឱ្យគ្រូពេទ្យប្រុសមកចាក់វ៉ាក់សាំងកូវីដ១៩ឱ្យ។

ភ្លាមៗនោះ សន្តិសុខបានសម្រុកឡើងឆាកហើយអូសជនដៃដល់ចេញតាមទ្វារចំហៀង រួចទម្លាក់វាំងននបាំងរាល់សកម្មភាពជាបន្តបន្ទាប់ទៀត។

ក្រោយមក លោក Khorram បានត្រឡប់ឡើងឆាកវិញ ហើយធ្វើការបកស្រាយជាច្រើនអំពីពេលវេលារបស់គាត់នៅក្នុងប្រទេសស៊ីរី។

ទីភ្នាក់ងារសារព័ត៌មាន IRNA រាយការណ៍ថា ការវាយប្រហារនេះគឺដោយសាររឿងផ្ទាល់ខ្លួន មិនមានហេតុផលអីផ្សេងក្រៅពីនេះទេ៕ ប្រភព ៖ Daily Mail

 

-->
adverise with khmeread