ជនសង្ស័យមួយក្រុមកាប់ប្លន់យកម៉ូតូមិនបានសម្រេច បណ្ដាលឱ្យយុវជន៣នាក់រងរបួសធ្ងន់ស្រាល នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងធ្វើសកម្មភាពដេញកាប់ប្រហារ ទៅលើយុវជន៣នាក់តាំងពីខណ្ឌជ្រោយចង្វារ រហូតមកដល់ខណ្ឌសែនសុខ បណ្ដាលឱ្យរងបួសបុរសម្នាក់ធ្ងន់និងពីរនាក់រងរបួសស្រាល កាលពីវេលាម៉ោង២និង៤៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២៤ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខការ៉ាស់ប្រេងតូតាល់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ។

តាមរៀបរាប់ពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា ដំបូងរូបគេទាំង៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូពី ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1IK-1792 ចេញពីខួបមិត្តភក្តិនៅខណ្ឌជ្រោយចង្វារ, បន្ទាប់មកក៏មានជនសង្ស័យមួយក្រុមជិះម៉ូតូ៦ទៅ៧គ្រឿងបានជិះដេញកាប់ដោយរូបគេភ័យស្លន់ស្លោនាំគ្នាជិះម៉ូតូរត់គេចឱ្យផុតពីជនសង្ស័យ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច។

លុះមកដល់ចំណុចកើតហេតុខាងលើ ពួកគេបានជិះរត់ចូលការ៉ាស់សាំង ដើម្បីឱ្យអ្នកចាក់សាំងជួយ តែជនសង្ស័យបានកាប់ប្រហារទៅលើពួកគេម្នាក់បណ្ដាលឱ្យត្រូវចំខ្នង១កាំបិត និងដៃខាងឆ្វេង១កាំបិតរងរបួសយ៉ាងដំណំ, ចំណែកពីរនាក់ទៀតរងរបួសស្រាល ឯម៉ូតូត្រូវជនសង្ស័យកាប់ត្រូវស្លាកលេខ១កាំបិត ហើយជនសង្ស័យក្រោយពីបានកាប់ទៅលើជនរងគ្រោះរួចហើយបាននាំគ្នារត់ឡើងជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ, ចំណែកម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លារង់ចាំប្រគល់ជូនម្ចាស់វិញនៅពេលក្រោយ៕

-->
adverise with khmeread