រថយន្ត LAND ROVER បុក Lexus នៅផ្លូវខ្វែងក្រឡាប់ផ្ងារកង់ ហើយរថយន្តបង្កបើករត់បាត់

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក LAND ROVER មួយគ្រឿងមិនចាំស្លាកលេខបើកបរក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត Lexus RX330 ពីចំហៀងខាងក្រោយបណ្ដាលឱ្យក្រឡាប់ផ្ងារកង់ម្ខាង ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់បន្សល់ទុកស្លាកសម្គាល់រថយន្តនិងកាងខាងមុខនៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃសៅរ៍ ទី២៣ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខសំអាងការ វិមានមង្គល តាមបណ្ដោយផ្លូវលេខ២០៥ កែងផ្លូវលេខ៣១០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមការរៀបរាប់របស់ម្ចាស់រថយន្តឡិចស៊ីសបានឱ្យដឹងថា ដំបូងរូបគាត់រួមដំណើរជាមួយប្រពន្ធបានបើករថយន្ត Lexus RX330 ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2AL-2001 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០៥ ទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម​។

លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបម៉ាកLAND ROVER មួយគ្រឿងពណ៌ខ្មៅ មិនចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្ត Lexus របស់គាត់ពីចំហៀងខាងក្រោយផ្នែកខាងស្ដាំពេញទំហឹងបណ្តាលឱ្យក្រឡាប់ផ្ងារជើងម្ខាង និងរងការខូចខាតយ៉ាងដំណំ។ ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ ដោយបានបន្សល់ទុកស្លាកសម្គាល់រថយន្តនិងកាងខាងមុខនៅនឹងកន្លែងកើតហេតុ តែសំណាងល្អរូបគាត់និងប្រពន្ធរបស់គាត់មិនមានរងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យនៅកន្លែងកើតហេតុ, ក្រោយមកម្ចាស់រថយន្តបានសុំយករថយន្តទៅផ្ទះវិញដើម្បីជួសជុលខ្លួនឯង ហើយរង់ចាំមកដាក់ពាក្យបណ្ដឹងបន្តដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរក រថយន្តបង្កយកមកដោះស្រាយគ្នានៅពេលក្រោយ៕


 

-->
adverise with khmeread