បុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកខ្យងយកទៅឱ្យប្អូន, ពេលត្រឡប់មកវិញត្រូវរថយន្តបុកស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែង បន្ទាប់ពីបើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងដឹកខ្យងយកទៅឱ្យប្អូនហូប រួចត្រឡប់មកផ្ទះវិញក៏ត្រូវរថយន្តហ៊ីយ៉ាន់ដាយបើកបរដោយបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀតបើកវ៉ាជែងជ្រុលទៅបុកពេញទំហឹង កាលពីវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃអាទិត្យ ទី២៤ ខែតុលាឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុងព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ។

សមត្ថកិច្ចនិយាយថា សពជនរងគ្រោះឈ្មោះ កើត ផុន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករ៉ឺម៉ក មានស្រុកកំណើតនៅភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

តាមការរៀបរាប់ពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបានបើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងដឹកខ្យងយកទៅឱ្យប្អូនហូប ហើយពេលត្រឡប់ទៅផ្ទះវិញដោយធ្វើដំណើរតាមបណ្តោយផ្លូវបេតុងព្រៃស ទិសដៅពីកើតទៅលិច។

លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿងពណ៌ស ​ពាក់ស្លាកលេខភ្នំពេញ 2D.4896 បើកបរដោយបុរសម្នាក់រួមដំណើរនឹងនារីម្នាក់ទៀត បញ្ច្រាស់ទិសដៅគ្នាពី លិចទៅកើត បានវ៉ាជែងនិងរថយន្តមួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុក ម៉ូតូសណ្ដោងរ៉ឺម៉កពេញទំហឹងបណ្តាលឱ្យជនរងគ្រោះជាអ្នកបើកម៉ូតូសណ្ដោងស្លាប់នៅនឹងកើតហេតុ។

ភ្លាមនោះតៃកុងរថយន្តត្រូវបានប្រជាពលរដ្ឋនាំគ្នាធ្វើការឃាត់ខ្លួនបាន ភ្លាមៗរួចប្រគល់ជូនសមត្ថកិច្ចបញ្ជូនខ្លួនមកប៉ុស្តិ៍រដ្ឋបាលព្រៃស ធ្វើការសួរនាំបន្ត រួចប្រគល់ឱ្យប៉ូលិសជំនាញចរាចរណ៍ក្រុងចាត់ការបន្ត។មូលហេតុរថយន្តបើកបរមិនប្រកាន់ស្តាំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត ម៉ូតូនិងតៃកុងរថយន្តបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តឫស្សីសាញ់៕


 

-->
adverise with khmeread