WHO ព្រមានថា ពិភពលោកអាចខ្វះសឺរ៉ាំង ២ ពាន់លាននៅឆ្នាំ២០២២ ដែលគំរាមដល់យុទ្ធសាស្ត្រទប់ស្កាត់កូវីដរបស់ប្រទេសជុំវិញពិភពលោក

ប្រទេសលើពិភពលោកអាចនឹងខ្វះសឺរ៉ាំងជាសកលនៅឆ្នាំក្រោយជិត២ពាន់លានសឺរ៉ាំង នេះបើយោងតាមរបាយការណ៍ថ្មីពីអង្គការសុខភាពពិភពលោក (WHO)។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ​​AFP កង្វះខាតនេះគឺជាលទ្ធផលនៃយុទ្ធនាការវ៉ាក់សាំងកូវីដ១៩នៅទូទាំងពិភពលោកដែលមានជាង ៧,២៥ ពាន់លានដូសចាក់នៅជុំវិញពិភពលោក ដែលជាចំនួនទ្វេដងនៃវ៉ាក់សាំងស្តង់ដារសម្រាប់ចាក់ក្នុងមួយឆ្នាំ។

ជាលទ្ធផល សឺរ៉ាំងកំពុងត្រូវបានប្រើប្រាស់ច្រើនជាងទ្វេដង ដែលធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ជាសកល។

អង្គការ WHO បាននិយាយថា ប្រសិនបើផលិតកម្មមិនកើនឡើងទេ វាអាចនាំឱ្យមានការស្តុកទុក និងការភ័យស្លន់ស្លោក្នុងការទិញទុក និងការខិតខំប្រឹងប្រែងក្នុងស្ថានភាពដ៏លំបាកដើម្បីការពារមនុស្សពីជំងឺនានា។

លោកស្រី លីហ្សា ហេដមែន ជាទីប្រឹក្សាជាន់ខ្ពស់របស់ WHO ទទួលបន្ទុកលើសិទ្ធិទទួលបានឱសថនិងផលិតផលសុខភាព បានប្រាប់ AFP ថា "យើងកំពុងលើកឡើងពីការព្រួយបារម្ភពិតប្រាកដថា យើងអាចខ្វះសឺរ៉ាំងចាក់ថ្នាំបង្ការរោគ ដែលនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ ដូចជាការពន្យឺតកិច្ចខិតខំប្រឹងប្រែងដើម្បីចាក់ថ្នាំបង្ការរោគ។ អាស្រ័យលើរបៀបដែលការចាក់វ៉ាក់សាំងដំណើរការ វាអាចមានខ្វះខាតសឺរ៉ាំងពី ១ ពាន់លានទៅ ២ ពាន់លាន"។

ដោយផ្អែកលើសេណារីយ៉ូនៃមនុស្សប្រមាណប្រាំពីរពាន់លាននាក់ត្រូវការវ៉ាក់សាំងការពារមេរោគឆ្លងចំនួនពីរដូសនៅចន្លោះពេលនេះដល់ឆ្នាំ ២០២៣ និងសមត្ថភាពផលិតជាសកលនៃសឺរ៉ាំងចាក់ថ្នាំបង្ការប្រហែលប្រាំមួយពាន់លានសឺរ៉ាំងក្នុងមួយឆ្នាំ លោកស្រីហេដមែនបាននិយាយថា "វាច្បាស់ណាស់ថាការខ្វះខាតនៅឆ្នាំ ២០២២ ជាងមួយពាន់លានសឺរ៉ាំងអាចកើតឡើង ប្រសិនបើយើងបន្តអាជីវកម្មដូចធម្មតា"។

លោកស្រីបានបន្ថែមថា សឺរ៉ាំងក៏ងាយប្រឈមនឹងការពន្យារពេលផលិតផងដែរ ព្រោះវាត្រូវចំណាយពេលផលិតយូរជាងដបវ៉ាក់សាំងដល់ទៅ១០ដង។

ការខ្វះខាតម្ជុលច្រើន ឬការអូសបន្លាយអាចមានន័យថា ការពន្យារពេលក្នុងការចាក់ថ្នាំបង្ការជំងឺផ្សេងៗនឹងកើតឡើង៕ ប្រភព ៖ Asiaone

-->
adverise with khmeread