Toyota និយាយថានឹងផលិតឡានមិនចាក់ប្រេងឥន្ធនៈជាមួយក្រុមហ៊ុនជប៉ុន ៤ ផ្សេងទៀត

ក្រុមហ៊ុន Toyota Motor Corp បាននិយាយនៅថ្ងៃសៅរ៍ទី១៣វិច្ឆិកានេះថា ខ្លួននឹងចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តជប៉ុនចំនួនបួនផ្សេងទៀតដើម្បីស្វែងរកប្រភពឥន្ធនៈពណ៌បៃតងជំនួសសម្រាប់រថយន្តម៉ាស៊ីនចំហេះខាងក្នុង រួមទាំងអ៊ីដ្រូសែន និងឥន្ធនៈសំយោគដែលបានមកពីជីវម៉ាស។

ក្រុមហ៊ុនទាំងបួន ដែលចាប់ដៃគូជាមួយក្រុមហ៊ុន Toyota រួមមាន Mazda Motor Corp ក្រុមហ៊ុន Subaru Corp ក្រុមហ៊ុន Yamaha Motor និងក្រុមហ៊ុន Kawasaki Heavy Industries បានធ្វើសេចក្តីប្រកាសនៅឯទីលានប្រណាំងឡាននៅទីក្រុងអូកាយ៉ាម៉ាភាគខាងលិចប្រទេសជប៉ុន ទីដែលក្រុមហ៊ុន Toyota កំពុងប្រណាំងរថយន្តអ៊ីដ្រូសែន។

រថយន្ត​ប្រណាំង​អ៊ីដ្រូសែន​នេះ​កំពុង​ត្រូវ​បាន​បើកបរ​ដោយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Toyota លោក អាគីអូ តូយ៉ូដា រួម​ជាមួយ​នឹង​អ្នក​បើក​បរ Toyota ផ្សេង​ទៀត។

ការបំប្លែងម៉ាស៊ីនចំហេះខាងក្នុងទៅជាឥន្ធនៈបៃតងដូចជាអ៊ីដ្រូសែនគឺពិបាកណាស់ ប៉ុន្តែការធ្វើដូច្នេះបាននឹងអនុញ្ញាតឱ្យក្រុមហ៊ុននានាគាំទ្រដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានស្រាប់ជាច្រើនទសវត្សរ៍ដែលបានជួលកម្មកររាប់សិបពាន់នាក់ ដែលពួកគេអាចនឹងត្រូវជម្រុះចេញ នៅពេលក្រុមហ៊ុននានាប្តូរទៅផលិតយានយន្តអគ្គិសនី ( EV)។

នៅពេលដែលប្រទេសនានារឹតបន្តឹងបទប្បញ្ញត្តិបរិស្ថានដើម្បីកាត់បន្ថយការបំភាយកាបូន ក្រុមហ៊ុនផលិតរថយន្តនានារួមទាំង Toyota កំពុងបង្កើនការផលិតរថយន្ត EV ។ ប្រទេសជប៉ុនបាននិយាយថា ខ្លួនមានគោលបំណងកាត់បន្ថយកាបូនទាំងស្រុងនៅត្រឹមឆ្នាំ ២០៥០ និងកំពុងលើកកម្ពស់ការប្រើប្រាស់ឥន្ធនៈអ៊ីដ្រូសែន។

ក្រុមហ៊ុន Toyota គ្រោងនឹងផលិតរថយន្ត EV ចំនួន ១៥ ម៉ូដែលនៅឆ្នាំ ២០២៥ ហើយកំពុងវិនិយោគ ១៣,៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ដើម្បីពង្រីកសមត្ថភាពផលិតអាគុយរថយន្ត។ ទន្ទឹមនឹងនោះ ខ្លួនក៏កំពុងបន្តអភិវឌ្ឍរថយន្តដែលដំណើរការដោយអ៊ីដ្រូសែនផងដែរ៕ ប្រភព ៖ channelnewsasia


 

-->
adverise with khmeread