Airbus សាកល្បងយន្តហោះបាចអ៊ីនធឺណេតពីទីអវកាសដោយជោគជ័យ, អនាគតតំបន់ដាច់ស្រយាលប៉ុនណាក៏មានអ៊ីនធឺណេតលឿនប្រើដែរ

យន្តហោះគ្មានអ្នកបើកបរ Zephyr ដើរដោយថាមពលពន្លឺព្រះអាទិត្យ (UAV) ផលិតដោយក្រុមហ៊ុន Airbus ត្រូវបានប្រើដើម្បីបញ្ជូនអ៊ីនធឺណេតឥតខ្សែជំនាន់ក្រោយ ជាផ្នែកមួយនៃការហោះហើរសាកល្បងនៅរដ្ឋអារីហ្សូណា។

ក្រុមហ៊ុន Airbus កំពុងធ្វើការសាកល្បង "ស្ថានីយវេទិកាកម្ពស់ខ្ពស់" (HAPS) នៅលើយន្តហោះ UAV ដែលផលិតដោយចក្រភពអង់គ្លេស ជាផ្នែកមួយនៃការហោះហើររយៈពេល ១៨ ថ្ងៃនៅក្នុងតំបន់ Stratosphere ដែលមានកម្ពស់ ២៣ គីឡូម៉ែត្រពីលើផ្ទៃផែនដី។

យោងតាមក្រុមហ៊ុន Airbus ការសាកល្បងនេះធ្វើឡើងក្នុងភាពជាដៃគូជាមួយប្រតិបត្តិករទូរស័ព្ទចល័តរបស់ជប៉ុន NTT DOCOMO ហើយថ្ងៃណាមួយអាចនាំទៅដល់ការបញ្ជូនអ៊ីនធឺណេតល្បឿនលឿនបំផុតទៅតំបន់ដាច់ស្រយាល ដោយមិនចាំបាច់បញ្ជូនផ្កាយរណបទាំងហ្វូងៗទៅកាន់ដងតារាវិថី។

យន្តហោះនេះផ្ទុកឧបករណ៍បញ្ជូនរលកវិទ្យុ ដែលអនុញ្ញាតឱ្យវាផ្តល់នូវតំណភ្ជាប់ទិន្នន័យដើម្បីក្លែងធ្វើជាប្រព័ន្ធនាពេលអនាគតដែលនឹងបញ្ជូនសញ្ញាអ៊ីនធឺណេតរវាងយន្តហោះ UAV និងកុំព្យូទ័រ។

ក្រុមហ៊ុន Airbus និយាយថា ការសាកល្បងជោគជ័យនេះអាចត្រួសត្រាយផ្លូវសម្រាប់កងយន្តហោះ Zephyr នាពេលអនាគត ដែលនឹងផ្តល់សេវាអ៊ីនធឺណេតទូរស័ព្ទ 5G និង 6G ទៅកាន់តំបន់ដាច់ស្រយាលបំផុតនៃភពផែនដី ឬផ្តល់នូវការជំរុញសញ្ញាអ៊ីណធឺណេតរយៈពេលខ្លីក្នុងអំឡុងពេលព្រឹត្តិការណ៍ដ៏សំខាន់ណាមួយនៅក្នុងតំបន់ដែលមានមនុស្សរស់នៅច្រើន។

ក្រុមហ៊ុនទាំងពីរសង្ឃឹមកសាងបទពិសោធន៍ពីការសាកល្បងជោគជ័យនេះនិងប្រើប្រាស់យន្តហោះ Zephyr ដើម្បីផ្តល់សេវាទូរគមនាគមន៍និងអ៊ីនធឺណេតទៅកាន់តំបន់ភ្នំ កោះដាច់ស្រយាល និង តំបន់ដែនសមុទ្រ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread