ក្រុមហ៊ុន Pfizer អនុញ្ញាតឱ្យក្រុមហ៊ុនផលិតឱសថដទៃទៀតផលិតថ្នាំព្យាបាលកូវីដ១៩របស់ខ្លួន ហើយរំពឹងព្យាបាលមនុស្សកន្លះផែនដី

ក្រុមហ៊ុន Pfizer Inc. បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអង្គការមួយដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនផលិតឱសថផ្សេងទៀតផលិតថ្នាំគ្រាប់ព្យាបាលកូវីដ១៩ របស់ខ្លួន ដែលជាចំណាត់ការមួយអាចធ្វើឱ្យការព្យាបាលអាចរកបានចំពោះមនុស្សកន្លះផែនដី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី១៦ខែវិច្ឆិកា ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួននឹងផ្តល់អាជ្ញាប័ណ្ណសម្រាប់ថ្នាំប្រឆាំងមេរោគកូរ៉ូណាដល់អង្គការការពារប៉ាតង់ឱសថដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ (MPP) ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនឱសថទូទៅផលិតថ្នាំគ្រាប់នេះសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសចំនួន ៩៥ ដែលស្មើនឹង ៥៣ ភាគរយនៃប្រជាជនពិភពលោក។ 

កិច្ចព្រមព្រៀងនេះមិនរាប់បញ្ចូលប្រទេសធំៗមួយចំនួនដែលបានរងការផ្ទុះឡើងនៃមេរោគកូរ៉ូណាយ៉ាងសាហាវនោះទេ។ ជាក់ស្តែង ខណៈក្រុមហ៊ុនឱសថប្រេស៊ីលអាចទទួលបានអាជ្ញាប័ណ្ណផលិតថ្នាំគ្រាប់សម្រាប់នាំចេញទៅប្រទេសផ្សេងទៀត ថ្នាំព្យាបាលកូវីដនេះមិនអាចត្រូវបានផលិតជាទូទៅសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសប្រេស៊ីលបានទេ។

ទោះយ៉ាងណា មន្ត្រីសុខាភិបាលបាននិយាយថា ការពិតដែលថាកិច្ចព្រមព្រៀងនេះត្រូវបានសម្រេច សូម្បីមុនពេលថ្នាំគ្រាប់របស់ Pfizer ត្រូវបានអនុញ្ញាតឱ្យប្រើនៅគ្រប់ទីកន្លែង គឺអាចជួយបញ្ចប់ជំងឺរាតត្បាតបានលឿនជាងមុន។

លោក អេស្តេបាន បួរ៉ូន ជាប្រធានគោលនយោបាយនៅអង្គការ MPP បាននិយាយថា "វាពិតជាសំខាន់ណាស់ដែលយើងអាចផ្តល់សិទ្ធិប្រើប្រាស់ថ្នាំដែលហាក់មានប្រសិទ្ធភាពនិងទើបតែបង្កើតឡើងដល់មនុស្សជាង៤ពាន់លាននាក់"។

លោកបានប៉ាន់ស្មានថា ក្រុមហ៊ុនផលិតឱសថដទៃទៀតនឹងអាចចាប់ផ្តើមផលិតថ្នាំគ្រាប់ក្នុងរយៈពេលប៉ុន្មានខែទៀត ប៉ុន្តែបានទទួលស្គាល់ថាកិច្ចព្រមព្រៀងនេះនឹងមិនអាចផ្គាប់ចិត្តប្រទេសទាំងអស់បានទេ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread