មជ្ឈដ្ឋានជា​ច្រើនទទូច​ឲ្យ David Beckham ផ្តាច់ទំនាក់ទំនងជា​មួយ​ប្រទេស​កាតា​ដោយសារតែបញ្ហា​សិទ្ធិមនុស្ស​

    លោក David Beckham កំពុងតែស្ថិត​នៅក្រោម​សម្ពាធ​ ដើម្បី​កែប្រែ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ឈរជា​មុ​ខមាត់​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ World Cup នៅ​ប្រទេស​កាតា។
    របាយ​ការណ៍​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​បានអះអាងថា ការ​ប្រព្រឹត្ត​ចំពោះ​កម្មករអន្តោប្រវេសន៍​នៅ​ប្រទេសនេះ​កាន់តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ​ ហើយ​ទទូច​ឲ្យ​លោក Beckham រំលេច​ពី​ស្ថានភាព​សិទ្ធិមនុស្សនេះ។ 
    ក្រុម​ការងាររបស់ Beckham បាន​បដិសេធមិន​ធ្វើអត្ថាធិប្បាយ​ជុំវិញ​សេចក្តី​រាយការណ៍​នេះ ដែល​បង្ហាញពី​ភាព​បរាជ័យ​របស់​ប្រទេស​ម្ចាស់ផ្ទះ​វើលខាប់​មួយ​នេះ​ក្នុង​ការ​ស៊ើបអង្កេត​ករណី​ស្លាប់​កម្មករ​សំណង់​ បន្ទាប់ពី​បង្ខំឲ្យ​ពួកគេ​ធ្វើ​ការងារ​ច្រើន​ម៉ោង​ក្រោម​កម្តៅថ្ងៃ​។
    នៅ​សល់រយៈ​ពេល​មួយ​ឆ្នាំ​មុន​ការ​ចាប់ផ្តើម​ព្រឹត្តិការណ៍​ប្រកួត​នេះ Beckham គ្រោងនឹង​បង្ហាញវត្តមាន​នៅទីក្រុងដូហា​នៅ​ចុងសប្តាហ៍​នេះ សម្រាប់កម្មវិធី​ Qatar Grand Prix ហើយ​នៅ​ពេលនេះ កំពុងប្រឈម​មុខ​នឹង​សំណួរ​ពិ​បាក​ៗ​មួយចំនួន​ នៅពេល​លោក​ចាប់ផ្តើម​ផ្សព្វផ្សាយពី​ព្រឹត្តិការណ៍​ World Cup។
    ប្រភព​ជាន់ខ្ពស់នៅ​អង្គការ Unicef ជា​ផ្នែកសំខាន់​នៃ​កម្មវិធី​មនុស្ស​ធម៌​រយៈ​ពេល​១៥​ឆ្នាំមក​ហើយ​នោះមិន​សប្បាយចិត្ត​នឹង​ Beckham ដែល​ចុះហត្ថលេខា​មាន​ទឹកប្រាក់រាប់លានផោន​ជាមួយ​នឹង​ក្រុមហ៊ុន​កាតា។ សេចក្តី​រាយការណ៍​ជា​ច្រើន​បាន​លើក​ឡើង​ថា Beckham នឹង​ទទួល​បាន​ប្រាក់​១៥០​លានផោន​នៅអំឡុង​ពេល​១០​ឆ្នាំ​បន្ទាប់។
    អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​លើកឡើង​ថា អតីត​កីឡាករឆ្នើម​រូប​នេះ​គួរ​ប្រើប្រាស់តួនាទី​របស់ខ្លួន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ជុំវិញព្រឹត្តិការណ៍​ប្រកួត World Cup នៅ​ឆ្នាំក្រោយ​នេះ៕
 

-->
adverise with khmeread