ក្រុមហ៊ុន Apple នឹងលក់គ្រឿងបន្លាស់ឱ្យអតិថិជនយកទៅជួសជុល iPhones និងកុំព្យូទ័រ Macs ដោយខ្លួនឯង

ក្រុមហ៊ុន Apple Inc កាលពីថ្ងៃពុធ (១៧ ខែវិច្ឆិកា) បាននិយាយថា ខ្លួននឹងចាប់ផ្តើមលក់គ្រឿងបន្លាស់ និងប្រដាប់ប្រដារជួសជុលជាលើកដំបូងដល់សាធារណជនទូទៅ ដើម្បីធ្វើការជួសជុលដោយខ្លួនឯងលើ iPhone និងកុំព្យូទ័រ Mac មួយចំនួន។

កម្មវិធីជួសជុលសេវាកម្មដោយខ្លួនឯងកើតឡើងបន្ទាប់ពីសម្ពាធជាច្រើនឆ្នាំពីក្រុមអ្នកប្រើប្រាស់ ជាហេតុនាំឱ្យក្រុមហ៊ុន Apple ផ្តល់នូវលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានសៀវភៅណែនាំអំពីរបៀបជួសជុល និងគ្រឿងបន្លាស់ជាក់ស្ដែង។

នៅឆ្នាំ ២០១៩ ក្រុមហ៊ុន Apple បានចាប់ផ្តើមកម្មវិធីមួយដែលហាងជួសជុលឯករាជ្យអាចទិញគ្រឿងបន្លាស់ ឧបករណ៍ និងសៀវភៅណែនាំការជួសជុលរបស់ខ្លួន។ ក្រុមហ៊ុន Apple បាននិយាយថា ឥឡូវនេះមានហាងឯករាជ្យចំនួន ២.៨០០ នៅក្នុងកម្មវិធីរបស់ខ្លួន បន្ថែមពីលើអ្នកផ្តល់សេវាជួសជុលដែលមានការអនុញ្ញាតដោយផ្ទាល់ចំនួន ៥.០០០ របស់ខ្លួន។

នៅក្រោមកម្មវិធីសេវាកម្មជួសជុលដោយខ្លួនឯងនេះ អតិថិជន Apple នឹងអាចទិញគ្រឿងបន្លាស់ទាំងនោះដោយផ្ទាល់ ដើម្បីធ្វើការជួសជុលដោយខ្លួនឯង បន្ទាប់ពីអានសៀវភៅណែនាំ។ Apple បាននិយាយថា ហាងអនឡាញនឹងចាប់ផ្តើមជាមួយនឹងគ្រឿងបន្លាស់ និងឧបករណ៍ប្រហែល ២០០មុខ ដែលមានបំណងដោះស្រាយបញ្ហាទូទៅបំផុតជាមួយអេក្រង់ ថ្ម និងកាមេរ៉ានៅលើ iPhone 12 និងម៉ូដែល iPhone 13 ។

កម្មវិធីនេះនឹងពង្រីកដល់កុំព្យូទ័រ Mac ដែលប្រើបន្ទះឈីប M1 របស់ Apple ។ អតិថិជននឹងត្រូវបានផ្តល់ជូនតម្លៃដូចគ្នាចំពោះគ្រឿងបន្លាស់ និងឧបករណ៍ដូចហាងជួសជុលឯករាជ្យ ហើយនឹងអាចប្រគល់គ្រឿងបន្លាស់ដែលបានប្រើរួចរបស់ពួកគេទៅ Apple បន្ទាប់ពីបញ្ចប់ការជួសជុល ដើម្បីទទួលបានការបញ្ចុះតម្លៃ។

Apple បាននិយាយថា កម្មវិធីនេះនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយនៅសហរដ្ឋអាមេរិក និងពង្រីកទៅកាន់ប្រទេសជាច្រើនទៀតនៅពេលក្រោយក្នុងឆ្នាំដដែល៕ ប្រភព ៖ straitstimes

-->
adverise with khmeread