គ្រាន់តែថតរូបជាមួយលោកតាបង្កើតសោះ អ្នកលេងអ៊ីនធឺណេតចិនពន្លះនាងថាស្រីរើសតែតាចាស់សម្បូរលុយ

ស្ត្រីជនជាតិចិនម្នាក់បានក្លាយជាជនរងគ្រោះចុងក្រោយនៃពាក្យជេរប្រទេចតាមអ៊ីនធឺណេត បន្ទាប់ពីបុរសម្នាក់បានអះអាងខុសថា នាងបានរៀបការជាមួយមហាសេដ្ឋីវ័យចំណាស់ ដោយផ្អែកលើរូបភាពមួយសន្លឹក ដែលតាមពិត ស្ត្រីនោះថតជាមួយជីតារបស់នាងសោះ។

កាសែត Beijing Youth Daily បានរាយការណ៍ថា ការបង្ហោះនេះត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានលុបចោល បន្ទាប់ពីមានការផ្ទុះកំហឹងជាសាធារណៈ។ ផុសនោះបានអះអាងថាអ្នកជំនួញវ័យ ៧៣ ឆ្នាំម្នាក់នៅទីក្រុងតុងគ័ន ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិនបានរៀបការជាមួយនារីកំពូល "សម្រស់" អាយុ ២៩ ឆ្នាំមកពីក្វាងស៊ី ដោយផ្តល់ប្រាក់ចំនួន ៨៨ម៉ឺនយ័ន (១៣៧.០០០ ដុល្លារអាមេរិក) ជាអំណោយសាច់ប្រាក់សុទ្ធ ផ្ទះល្វែងមួយមានតម្លៃ ៨៨ម៉ឺនយ័ន និងរថយន្តទំនើបមួយគ្រឿង។

ភ្លាមៗនោះ ស្ត្រីរូបនេះបានកត់សម្គាល់ឃើញការបង្ហោះនេះ បន្ទាប់ពីមិត្តភក្តិនិងសាច់ញាតិរបស់នាងមួយចំនួនបានចាប់អារម្មណ៍លើនាង។ នាងបាននិយាយថា រូបថតនេះត្រូវបានបង្ហោះលើអ៊ីនធឺណេតដោយខ្លួននាងកាលពីបីឆ្នាំមុន ហើយបានសន្យាថានឹងការពារសិទ្ធិរបស់នាង នេះបើយោងតាមការបង្ហោះរបស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ។

នាង​បាន​និយាយ​ថា នាង​មាន​អារម្មណ៍​គោរពយ៉ាងជ្រាលជ្រៅចំពោះ​​ជីតា​របស់​នាង​ដែល​បាន​ចិញ្ចឹម​នាង។ រូបថត​មួយ​សន្លឹក​នេះ​ជា​កម្រង​រូបភាព​សិល្បៈ​មួយ​សន្លឹក​ដែល​ថត​ក្នុង​ឆ្នាំ ២០១៨ ពេល​ជីតា​ទៅ​លេង​សៀងហៃ។

ស្ត្រី​រូប​នេះ​បាន​និយាយ​ថា ពាក្យ​ចចាមអារ៉ាម​នេះ​បាន​ប៉ះពាល់​ដល់​ជីវិត​នាង​យ៉ាង​ធ្ងន់ធ្ងរ ហើយ​នាង​បាន​ទាក់ទង​មេធាវី​ដើម្បី​ឱ្យ​ចាប់បុរស​ដែល​នៅ​ពី​ក្រោយ​ការ​ប្រកាសនេះ ​ទទួលខុសត្រូវ ។ ទោះ​ជា​យ៉ាង​ណា មេធាវី​បាន​ប្រាប់​នាង​ថា វា​នឹង​ត្រូវ​ចំណាយ​ពេល​វេលានិង​ប្រាក់​ច្រើន​ដើម្បី​នាំ​បុរស​នោះ​មក​ផ្តន្ទាទោស​នៅតុលាការ។

ស្ត្រី​ម្នាក់​នោះ​ត្រូវ​បាន​គេ​ដក​ស្រង់​សម្ដី​ថា​ "ខ្ញុំ​មិន​អាច​យល់​ថា​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ស៊ូទ្រាំ​នឹង​បញ្ហា​ទាំង​អស់​នេះ"។

នាង​បាន​សួរ​ថា "ខ្ញុំគ្រាន់តែចង់ឱ្យអ្នកដែលនិយាយពាក្យចចាមអារ៉ាមទទួលយកការផ្តន្ទាទោសដែលគាត់សមនឹងទទួលបាន។ ហេតុ​អ្វី​បាន​ជា​វា​ពិបាក និង​ស្មុគស្មាញ​ម្ល៉េះ?" ។

កាសែត​នេះ​បាន​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ បុរស​រូប​នេះ​មិន​បាន​ធ្វើ​ការ​អត្ថាធិប្បាយ ឬ​សុំទោស​តាម​អ៊ីនធឺណេត​ទេ៕ ប្រភព ៖ South China Morning Post


 

-->
adverise with khmeread