ប៉ាកគីអៅសារភាពថាកាលពីក្មេង ខ្លួនគាត់ល្ងង់ណាស់មិនដឹងថាការសេពគ្រឿងញៀនជាអំពើខុសច្បាប់ទេ

លោក មែននី ប៉ាកគីអៅ ដែលជាបេក្ខជនប្រធានាធិបតីហ្វីលីពីន បាននិយាយថា លោកជាមនុស្ស "ល្ងង់" និងមិនចេះច្បាប់អ្វីទាំងអស់ នៅពេលដែលលោកសេពថ្នាំគ្រីស្តាល់នៅវ័យជំទង់ ប៉ុន្តែអះអាងថាជនល្មើសសព្វថ្ងៃនេះដឹងថាគ្រឿងញៀនខុសច្បាប់ ហើយគួរតែត្រូវបានផ្តន្ទាទោស។

ប៉ាកគីអៅគឺជាអ្នកគាំទ្រដ៏ល្បីម្នាក់នៃសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏ឃោរឃៅរបស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែត ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។

ប៉ុន្តែនៅមុនពេលឈានដល់ការបោះឆ្នោតឆ្នាំ ២០២២ ប៉ាកគីអៅបានព្យាយាមរក្សាខ្លួននៅឆ្ងាយពីលោកឌុយទែត ដែលកំពុងប្រឈមមុខនឹងការស៊ើបអង្កេតជាអន្តរជាតិចំពោះការបង្រ្កាបដ៏បង្ហូរឈាមរបស់គាត់ ហើយឥឡូវនេះបាននិយាយថាជនល្មើសគួរតែមាន "ឱកាសដើម្បីការពារខ្លួន"។

ប៉ាកគីអៅបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "យើងត្រូវតែដាក់គុកអ្នកដែលកំពុងប្រើប្រាស់គ្រឿងញៀន លក់គ្រឿងញៀន នោះហើយជាអ្វីដែលច្បាប់ចែង" ដោយប្តេជ្ញាថានឹងបន្តយុទ្ធនាការប្រឆាំងគ្រឿងញៀន "តាមរបៀបត្រឹមត្រូវ"។

ប៉ាគីអៅអាយុ ៤២ ឆ្នាំ ដែលបច្ចុប្បន្នកាន់កៅអីក្នុងព្រឹទ្ធសភា និងធ្លាប់បានបម្រើការពីរអាណត្តិនៅក្នុងសភាបាននិយាយថា "ពីមុនខ្ញុំល្ងង់ នោះហើយជាមូលហេតុដែលខ្ញុំសេពគ្រឿងញៀន...ខ្ញុំមិនចេះច្បាប់ទេ។ សព្វ​ថ្ងៃ​នេះ ប្រជាជន​ដឹង​ហើយ​ថា ច្បាប់​មិន​អនុញ្ញាត​ឱ្យមាន​គ្រឿង​ញៀន​ខុស​ច្បាប់ទេ"។

ប៉ាកគីអៅបានធ្វើឱ្យពិភពកីឡាប្រដាល់មានការភ្ញាក់ផ្អើលក្នុងឆ្នាំ ២០១៦ នៅពេលគាត់បានសារភាពថាបានប្រើប្រាស់កញ្ឆានិងសាប៊ូ ដែលជាឈ្មោះក្នុងស្រុកសម្រាប់ថ្នាំគ្រីស្តាល់ដែលមានតម្លៃថោកនិងកម្រិតខ្លាំង កាលពីនៅក្មេង៕ ប្រភព ៖ Daily Mail

-->
adverise with khmeread