ទំនាស់ពាក្យសំដី ប្រើដាវកាប់គូទំនាស់ឱ្យរបួសដេរ៥៣ថ្នេរត្រូវប៉ូលិសចាប់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនក្នុងករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើដាវកាប់បណ្តាលឱ្យរបួសធ្ងន់ដេរ៥៣ថ្នេរ នៅក្រោយមន្ទីរពេទ្យបង្អែកច្បារអំពៅ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩យប់។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះស៊ិន សំបូរ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ ឡេង ភារុន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើម អំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះ និងជនសង្សយ័ឈ្មោះ ឡេង ធារី មានទំនាស់ពាក្យសំដីគ្នា រួចជនសង្ស័យឈ្មោះឡេង ធារី បានទៅហៅបងប្រុសបង្កើតឈ្មោះ ឡេង ភារុន មកដល់ចាប់ក្រៀកជនរងគ្រោះពីក្រោយ រួចជនសង្ស័យឈ្មោះ ឡេង ធារី យកដាវកាប់ ជនរងគ្រោះត្រូវចំប្រអប់ដៃខាងឆ្វេងនិងថ្ងាស់បណ្ដាលឱ្យរបួសធ្ងន់។ ភ្លាមនោះក៏មានប្រជាពលរដ្ឋរាយការណ៍ប្រាប់មកសមត្ថកិច្ចចុះទៅឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឡេង ភារុន បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ១ ធ្វើការសាកសួរ។ 

ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ដេរប្រអប់ដៃ៤០ថ្នេរ, ដេរថ្ងាស់១៣ថ្នេរ។ ឯជនសង្ស័យឈ្មោះឡេង ធារី ដែលជាអ្នកផ្តើមរឿង បានកាន់ដាវរត់គេចខ្លួនបាត់។  

បច្ចុប្បន្នជនសង្ស័យត្រូវបានប៉ូលិសឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕

-->
adverise with khmeread