កម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់ឃាតករសម្លាប់មនុស្សប្រើពេលមិនដល់៤៨ម៉ោង

ភ្នំពេញ ៖ ឃាតករម្នាក់ត្រូវបាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញតាមចាប់ខ្លួនបានដោយប្រើពេលមិនដល់៤៨ម៉ោង បន្ទាប់ពីប្រើកាំបិតខ្វែវកាប់សម្លាប់និស្សិតម្នាក់កាលពីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខច្រកចូលផ្សារដើមស្រល់ ផ្លូវទន្លេសាប ស្ថិតក្នុងភូមិ២ សង្កាត់-ខណ្ឌជ្រោយចង្វារ។

មន្ត្រីអាវុធហត្ថនិយាយថា នៅវេលាម៉ោង០២រំលងអធ្រាត្រ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខច្រកចូលផ្សារដើមស្រល់ ផ្លូវទន្លេសាប ស្ថិតក្នុងភូមិ២ សង្កាត់-ខណ្ឌជ្រោយចង្វារ មានករណីឃាតកម្ម កាប់នឹងកាំបិតផ្គាក់បណ្តាលឱ្យស្លាប់មនុស្សម្នាក់ ឈ្មោះ ស៊ិន ខុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនិស្សិតបេក្ខជនបណ្ឌិត ស្នាក់នៅក្នុងវត្តចាស់ ផ្លូវទន្លេសាប ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វារ ត្រូវបានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ​ បានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ចំជើងខាងស្ដាំ បណ្ដាលឱ្យរងរបួសធ្ងន់ រយះជិតដាច់ភ្លៅ និងស្លាប់ភ្លាមៗក្បែរកន្លែងកើតហេតុ ហើយជនសង្ស័យក៏បានគេចខ្លួនបាត់។ 

មន្ត្រីអាវុធហត្ថបន្តថា មិនបានប៉ុន្មានម៉ោងផង ដំណឹងនៃការស្លាប់របស់ជនរងគ្រោះត្រូវបានបណ្តាញសង្គម Facebook, YouTube, វិទ្យុ និងសារព័ត៌មានមួយចំនួន បានយកទៅផ្សព្វផ្សាយ ប្រឹងទាញយកករណីឃាតកម្មនេះទៅជារឿងនយោបាយ ដោយសារពួកគេគិតខុសថា «ជនរងគ្រោះគឺជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ» ដែលត្រូវបានរំលាយ ហើយក៏ព្យាយាមភ្ជាប់ការស្លាប់នេះ ទម្លាក់កំហុសលើគណបក្សប្រជាជនកម្ពុជា។

មន្ត្រីដដែលបន្តថា វាជារឿងគួរឱ្យអស់សំណើចបំផុត ដែលមុនពេលយុវជនខាងលើនេះស្លាប់ ពួកអ្នកប្រឌិតរឿងខាងលើ មិនទាំងធ្លាប់ស្គាល់ ធ្លាប់ជួប ធ្លាប់ឮឈ្មោះ ជនរងគ្រោះផង, ស្រាប់តែពេលជនរងគ្រោះស្លាប់ ម្នាក់ៗចេញមុខទាញប្រយោជន៍ ធ្វើអត្ថាធិប្បាយ បកស្រាយ ទាញរឿង ធ្វើដូចស្គាល់ជនរងគ្រោះច្បាស់ណាស់ ទាំងអ្នកខ្លះនៅតែក្រៅប្រទេសសោះ ក៏និយាយចេញរឿងច្បាស់ជាងអ្នករស់នៅផ្ទាល់ជាមួយជនរងគ្រោះទៅទៀត ដែលធាតុពិតករណីនេះ គឺកើតចេញពី «រឿងទំនាស់បុគ្គល» ដោយពុំមានពាក់ព័ន្ធរឿងនយោបាយទាល់តែសោះ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្រោមការដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញរបស់អាវុធហត្ថ រាជធានីភ្នំពេញ រួមជាមួយមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចេញប្រតិបត្តិការ ស្រាវជ្រាវស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ រហូតរកឃើញតម្រុយកំណត់មុខសញ្ញា និងបានចាត់វិធានការ តាមវិធានជំនាញ តាមចាប់ជនល្មើស មិនដល់៤៨ម៉ោងផង ជនល្មើសក៏ត្រូវបានឃាត់ខ្លួន ហើយការពិតក៏ត្រូវបានលាតត្រដាង។

តាមការរៀបរាប់របស់ជនដៃដល់បានឱ្យដឹងថា ការសម្លាប់ជនរងគ្រោះនេះ គឺខ្លួនក៏មិនបានតាំងចិត្តផ្តាច់ជីវិត ជនរងគ្រោះនោះដែរ គឺគិតត្រឹមតែព្រមានប៉ុណ្ណោះ ព្រោះជនរងគ្រោះគឺជាអ្នកស្នាក់នៅក្នុងវត្តចាស់ ហើយខ្លួនមានប្អូនប្រកបរបរប៉ះកង់ម៉ូតូនៅមុខវត្តចាស់ ឧស្សាហ៍មានទំនាស់ពាក្យសំដីជាមួយជនរងគ្រោះ ពោលគឺពេលដែលជនរងគ្រោះចូលវត្តពេលយប់ តែងតែត្រូវបានគេបិទទ្វារវត្តចាក់សោចោល ហើយជនរងគ្រោះតែងរករឿងប្អូនរបស់ខ្លួន ដោយចោទ«ប្អូនខ្លួនថាជាអ្នកកិបសោទ្វារ»។

ឃាតករបន្តថា នៅយប់កើតហេតុខ្លួន« ជនដៃដល់» កំពុងនៅជាមួយប្អូនខ្លួននៅមុខវត្ត ស្រាប់តែជនរងគ្រោះមកដល់ ក៏ត្រូវគេកឹបសោចោលទៀត ហើយជនរងគ្រោះបានរករឿងប្អូនខ្លួនមិនឈប់ រហូតមានគេមកបើកទ្វារវត្តឱ្យចូលទៅហើយ ក៏ជនរងគ្រោះនៅមិនអស់ចិត្ត មិនព្រមចូលក្នុងវត្ត នៅតែបន្តរករឿងស្តីបន្ទោសប្អូនខ្លួនទៀត។ ឃើញដូច្នោះខ្លួនក៏បានជិះម៉ូតូចេញទៅក្រៅមួយសន្ទុះ ហើយត្រឡប់មកវិញ នៅតែឃើញជនរងគ្រោះនៅតែនិយាយដៀមដាមស្តីបន្ទោសប្អូនខ្លួនមិនឈប់។

ពេលនោះខ្លួនក៏ដើរទៅផ្ទះជួលរបស់ខ្លួន នៅក្រោយវត្តនិងបានលួចយកកាំបិតផ្គាក់ពីផ្ទះមិត្តភក្តិរបស់ខ្លួននៅក្បែរនោះ ហើយដើរត្រឡប់មកមុខវត្តវិញ ដោយតាំងចិត្តថា បើជនរងគ្រោះមិនឈប់ឈ្លោះស្តីបន្ទោសប្អូនរបស់ខ្លួនទេ ខ្លួននឹងកាប់ជនរងគ្រោះជាការព្រមាន។ ស្រាប់តែពេលខ្លួនមកដល់ ជនរងគ្រោះពិតជាមិនទាន់ឈប់ឈ្លោះស្តីបន្ទោសប្អូនរបស់ខ្លួនមែន ខ្លួនក៏បានចូលទៅកាប់ជនរងគ្រោះ ត្រូវមួយកាំបិតចំស្មា ហើយជនរងគ្រោះក៏រត់ ខ្លួនក៏ដេញតាមកាប់ជនរងគ្រោះបន្ត ដោយកាប់តម្រង់តែដៃជើងប៉ុណ្ណោះដើម្បីទុកជាការព្រមាន តែកាប់ខុសៗ រហូតដល់ចំណុចកើតហេតុ ខ្លួនក៏កាប់ត្រូវភ្លៅជនរងគ្រោះបណ្តាលឱ្យដួល ហើយខ្លួនក៏បោះកាំបិតចោលក្បែរនោះ និងដើរចេញពីកន្លែងកើតហេតុ ដោយមិនគិតថាជនរងគ្រោះមិនស្លាប់នោះទេ។ ក្រោយមកទើបខ្លួនបានដំណឹង ថាជនរងគ្រោះស្លាប់ ក៏គេចទៅលាក់ខ្លួន នៅស្រុកកំណើត ក្នុងខេត្តព្រៃវែងតែម្តង។ 

ជនដៃដល់រៀបរាប់បន្ថែមថា កន្លងមកខ្លួនក៏ធ្លាប់ជាប់គុក១ឆ្នាំម្តងដែរ គឺក្នុងឆ្នាំ២០១៩ ទើបចេញវិញក្នុងថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ ដោយត្រូវបានជាប់ចោទពីបទលួច ម៉ូតូកង់បី (ផាស់ស្អាប់) ព្រោះខ្លួនបានដើរជាមួយក្រុមមុខសញ្ញាចោរលួចទាំងនោះ។

បច្ចុប្បន្ន ជនដៃដល់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕


 

-->
adverise with khmeread