រុស្ស៊ីនិងចិនចុះហត្ថលេខាលើផែនទីបង្ហាញផ្លូវដើម្បីបង្កើនទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធ ចំពេលកំពុងតានតឹងជាមួយអាមេរិក

កាលពីថ្ងៃអង្គារទី២៣វិច្ឆិកាប្រមុខការពារជាតិរុស្ស៊ីបានចុះហត្ថលេខាលើផែនទីបង្ហាញផ្លូវសម្រាប់ទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធជាមួយចិន ដោយចង្អុលទៅការហោះហើរនៃយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិកកាន់តែញឹកញាប់នៅជិតព្រំដែននៃប្រទេសទាំងពីរ។

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ក្នុងអំឡុងការតេតាមវីដេអូ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គី សយហ្គូ និងសមភាគីចិនលោក វៃ ហ្វេងហឺ "បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាក្នុងការបង្កើនសមយុទ្ធយោធាជាយុទ្ធសាស្ត្រនិងការល្បាតរួមគ្នាដោយរុស្ស៊ីនិងចិន"។

លោកសយហ្គូបាន​និយាយ​ថា "ចិននិង​រុស្ស៊ី​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាច្រើន​ឆ្នាំ​មក​ហើយ​។ សព្វថ្ងៃនេះ នៅក្នុងលក្ខខណ្ឌនៃការកើនឡើងភាពចលាចលខាងភូមិសាស្ត្រនយោបាយនិងសក្តានុពលនៃជម្លោះខ្លាំងឡើងនៅក្នុងផ្នែកផ្សេងៗនៃពិភពលោក ការអភិវឌ្ឍទំនាក់ទំនងរបស់យើងគឺមានការពាក់ព័ន្ធយ៉ាងពិសេស"។

លោកសយហ្គូបានចង្អុលបង្ហាញអំពីការហោះហើរកាន់តែច្រើនឡើងដោយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិកនៅជិតព្រំដែនរុស្ស៊ី ដោយនិយាយថាមានបេសកកម្មបែបនេះចំនួន ៣០ ដងក្នុងរយៈពេលមួយខែកន្លងមក។

លោកសយហ្គូបាននិយាយថា "ក្នុងខែនេះ ក្នុងអំឡុងពេលសមយុទ្ធកម្លាំងយុទ្ធសាស្ត្រ Global Thunder របស់អាមេរិក យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចំនួន ១០ គ្រឿងបានអនុវត្តសេណារីយ៉ូនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងរុស្ស៊ី ដោយអនុវត្តក្នុងពេលដំណាលគ្នាពីទិសខាងលិចនិងទិសខាងកើត" ដោយបន្ថែមថា ពួកវាបានហោះកៀកព្រំដែនរុស្ស៊ី ២០ គីឡូម៉ែត្រ។

លោកក៏បានកត់សម្គាល់ដែរអំពីការកើនឡើងនៃចំនួនជើងហោះហើរនៃយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកនៅលើសមុទ្រអូខុត ទីដែលពួកវាបានអនុវត្តការឈានទៅដល់ចំណុចសម្រាប់ការបាញ់មីស៊ីលបញ្ជាទិស ដោយនិយាយថាវាបង្កការគំរាមកំហែងដល់ទាំងរុស្ស៊ីនិងចិន៕ ប្រភព ៖ Daily Mail 


 

-->
adverise with khmeread