ចិនហាមពួកតារាបង្អួតទ្រព្យសម្បត្តិនិងភាពរីករាយហួសហេតុលើបណ្តាញសង្គម

ប្រទេស​ចិន​បាន​ហាមប្រាម​តារា​ល្បី​ៗ​របស់​ខ្លួន​មិន​ឱ្យ​បង្អួត​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​នៅ​លើបណ្តាញ​សង្គម​នៅ​ក្នុង​ការ​បង្ក្រាប​ចុង​ក្រោយ​បង្អស់​លើ​ឧស្សាហកម្ម​កម្សាន្ត។ នេះយោងតាមការចុះផ្សាយលើសារព័ត៌មាន Daily Mail កាលពីថ្ងៃពុធទី២៤វិច្ឆិកា។

រដ្ឋបាលអ៊ីនធឺណេតចិនបានប្រកាសកាលពីថ្ងៃអង្គារថា តារាល្បីៗនៅក្នុងប្រទេសនឹងមិនត្រូវបានអនុញ្ញាតឱ្យ "បង្អួតទ្រព្យសម្បត្តិ" ឬ "ភាពរីករាយហួសហេតុ" នៅលើបណ្តាញសង្គមទេ។

ច្បាប់​ថ្មីនេះ​ក៏​រារាំង​តារា​ល្បីៗ​មិន​ឱ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិតឬ​ឯកជន​បង្ក​រឿងចង​គំនុំ​ប្រឆាំង​នឹង​ក្រុម​អ្នក​គាំទ្រ​របស់តារាផ្សេង​ទៀត និង​មិន​ឱ្យ​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាមនោះដែរ។

លើសពីនេះ សារព័ត៌មាន Business Insider បានរាយការណ៍ថា គណនីបណ្តាញសង្គមទាំងរបស់តារាល្បីៗនិងអ្នកគាំទ្រនឹងតម្រូវឱ្យប្រកាន់ខ្ជាប់នូវ "សណ្តាប់ធ្នាប់សាធារណៈនិងទំនៀមទម្លាប់ល្អ ប្រកាន់ខ្ជាប់នូវការកែតម្រូវតម្រង់ទិសមតិសាធារណៈ និងការតម្រង់ទិសតម្លៃ លើកកម្ពស់តម្លៃស្នូលនៃសង្គមនិយម និងរក្សារបៀបរបបរស់នៅនិងរសជីវិតដែលមានសុខភាពល្អ"។ 

ច្បាប់ថ្មីនេះតំណាងឱ្យការបង្រ្កាបចុងក្រោយបំផុតលើវប្បធម៌តារាក្នុងប្រទេសចិន ខណៈប្រទេសនេះបន្តពង្រឹងកណ្តាប់ដៃដែករបស់ខ្លួនលើឧស្សាហកម្មកម្សាន្ត។

កាលពីខែកញ្ញា តារាល្បីរបស់ចិនត្រូវបានព្រមានថា ពួកគេត្រូវតែ "ប្រឆាំងនឹងគំនិតមិនប្រក្រតីនៃការថ្វាយបង្គំលុយ តម្រេកនិយម និងបុគ្គលនិយមជ្រុល" នៅក្នុងសន្និសីទឧស្សាហកម្មកម្សាន្តដែលរៀបចំដោយបក្សកុម្មុយនីស្ត។

កិច្ចប្រជុំនៅទីក្រុងប៉េកាំងបានដំណើរការដោយពាក្យស្លោកពោលថា "ស្រឡាញ់បក្ស ស្រឡាញ់ប្រទេស គឺការពារសីលធម៌និងសិល្បៈ"៕ ប្រភព ៖ Daily Mail

-->
adverise with khmeread