ឃើញឈប់ម៉ូតូស្មានថាអស់ប្រេងសាំងបម្រុងជួយ បែរជា «ក្រុមអាញ៉ាកាច៣១៧» ដេញកាប់កម្ទេចម៉ូតូមួយគ្រឿង

ភ្នំពេញ ៖ យុវជនប្រុសស្រីមួយក្រុមជិះម៉ូតូច្រើនគ្រឿងបានជួបប្រទះពួកក្រុមក្មេងស្ទាវ៤នាក់ បានឈប់ម៉ូតូមួយគ្រឿងក្បែរវត្តសំរោងអណ្តែត ខណៈយុវជន៣នាក់បានឈប់ម៉ូតូរួចសួរនាំស្មានតែម៉ូតូអស់ប្រេងសាំងបម្រុងជួយ បែរជាត្រូវក្មេងស្ទាវទាំងនោះយកកាំបិតផ្គាក់ដុំថ្ម និងដែកឆាបដេញកាប់ចាក់មកលើពួកគាត់ តែសំណាងល្អគ្រាន់តែរងរបួសស្រាលនារីម្នាក់ ហើយពួកគេបានវាយកម្ទេចម៉ូតូជនរងគ្រោះខូចខាតមួយគ្រឿង។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍ កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចជាប់របងវត្តសំរោងអណ្ដែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការរៀបរាប់របស់ជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុរូបគេមានគ្នាប្រុសស្រីជាង១០នាក់ជិះម៉ូតូចំនួន៥គ្រឿងទើបនឹងចេញពីម្តុំបុរីឈូកវ៉ា គោលបំណងជូនមិត្តភក្តិមកម្ដុំកន្លែងកើតហេតុខាងលើ។ លុះមកដល់ចំណុចកើតហេតុខាងលើ ដោយមិនទាន់បានជូនមិត្តភក្កិដល់ផ្ទះផង ក៏ប្រទះឃើញក្មេងស្ទាវប្រុសស្រីមួយក្រុមមានគ្នា៤នាក់ ក្នុងនោះមានស្រីម្នាក់ឈរក្បែរម៉ូតូមួយគ្រឿង។

ប្រភពដដែលបានបន្តទៀតថា ខណៈពួកគេដែលជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1AQ-3756 បានឌុបនារីពីរនាក់ខាងក្រោយ ចំណែកមិត្តភក្តិផ្សេងទៀតបានបន្តដំណើរនៅខាងមុខ ,ខណៈពួកគេក៏បានឈប់ម៉ូតូរួចសួរនាំទៅលើក្មេងស្ទាវទាំងនោះ ស្មានតែម៉ូតូអស់ប្រេងសាំង ហើយបម្រុងជួយដោយនៅទីកន្លែងនេះស្ងាត់។

ពេលកំពុងតែសួរនាំស្រាប់តែក្មេងស្ទាវមួយក្រុមនោះបានដើរចូល មកដោយនៅក្នុងដៃមានកាំបិតផ្គាក់ ដែកឆាប និង ដុំថ្មដេញកាប់ចាក់ពួកគេ ហើយពួកក្មេងស្ទាវទាំងនោះបានស្រែកថា «ពួកអញរហស្សនាមក្រុមអាញ៉ាកាច ៣១៧» ធ្វើឱ្យពួកគេនិងមិត្តភក្តិភ័យស្លន់ស្លោរត់ស្រែកឱ្យមិត្តភក្តិមកជួយ តែត្រូវបានក្រុមក្មេងស្ទាវនោះវាយកម្ទេចម៉ូតូរួចបម្រុងលើកយកម៉ូតូទៅ តែត្រូវបានមិត្តភក្តិជិះម៉ូតូត្រឡប់មកក្រោយវិញហើយស្រែកថា «ប៉ូលិសមកហើយៗ» ទើបពួកវាទាំងនោះនាំគ្នាររត់គេចខ្លួនបាត់អស់។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកដល់រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវរកចាប់ជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

-->
adverise with khmeread