កូនស្រីខឹងម្ដាយស្ដីបន្ទោសថា «កាន់តែទូរស័ព្ទឆាតចុះឆាតឡើងមិនប្រឹងរៀនសូត្រ» គិតខ្លីប្រុងលោតពីលើស្ពានចូលទឹកទន្លេ

ភ្នំពេញ​ ៖​ នាងក្រមុំវ័យ១៨ឆ្នាំម្នាក់ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយឃាត់ទាន់ពេលវេលា ខណៈនាងប៉ងលោតពីលើស្ពានជ្រោយចង្វារចូលទឹកទន្លេសម្លាប់ខ្លួន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ 

ក្រោយកើតហេតុលោកស្រី សំ គង អាយុ៤១ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រ ត្រូវជាម្ដាយក្មេងស្រីរូបនេះ បានមកដល់កន្លែងកើតហេតុបាននិយាយទាំងទឹកភ្នែកថា កូនស្រីគាត់មានឈ្មោះ ចនស្រីណន​ ហៅម៉ៅ​ អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១១ នៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនភ្នំពេញថ្មី មានស្រុកកំណើតនៅខេត្តស្វាយរៀង សព្វថ្ងៃស្នាក់នៅផ្ទះជួល ជួយមួយគាត់ជាឪពុកម្តាយ។ 

លោកស្រីនិយាយបន្តថា មុនពេលកើតហេតុបែបនេះ គាត់ជាម្ដាយបានស្ដីបន្ទោស រឿងកាន់ទូរសព្ទដៃឆាតចុះឆាតឡើងមិនខិតខំរៀនសូត្រ ហើយគាត់ក៏ត្រឡប់ទៅធ្វើការរោងចក្រវិញ។ ស្រាប់តែពេលឮដំណឹងថា កូនស្រីរបស់គាត់ប្រុងមកលោតចូលទឹកទន្លេសម្លាប់ខ្លួនបែបនេះទៅវិញ។ 

ក្រោយពីសមត្ថកិច្ចសាកសួររួច និងឪពុកម្ដាយបានលួងលោមកូនស្រីរូបនោះ ឈប់គិតខ្លីបន្តទៀត រួចនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ៕


 

-->
adverise with khmeread