កសិករឥណ្ឌាប្តឹងអ្នករៀបចំមង្គលការមួយ ដែលលេងភ្លេងថ្លង់ពេកបណ្តាលឱ្យមាន់ ៦៣ ក្បាលគាំងបេះដូងងាប់

ក្បួនហែអាពាហ៍ពិពាហ៍បែបប្រពៃណីរបស់ឥណ្ឌាដែលមានតន្ត្រី កាំជ្រួច ការរាំ និងក្រុមផ្លុំត្រែ ត្រូវបានស្តីបន្ទោសចំពោះការងាប់មាន់ចំនួន ៦៣ ក្បាល។

លោក Ranjit Kumar Parida បាននិយាយថា មង្គលការនេះបានបង្ក "សំឡេងថ្លង់បែកត្រចៀក" នៅពេលដែលវាឆ្លងកាត់កសិដ្ឋានចិញ្ចឹមមាន់របស់គាត់នៅរដ្ឋអូឌីសាភាគខាងកើតនៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យទី២១ វិច្ឆិកា។

លោក Parida បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "ខ្ញុំបានសុំឱ្យក្រុមតន្រ្តីបន្ថយសំឡេង ដោយសារតន្ត្រីមានសំឡេងរំខានខ្លាំងពេក និងធ្វើឱ្យមាន់ភ័យ។ ប៉ុន្តែពួកគេមិនស្តាប់ ហើយមិត្តភក្តិរបស់កូនកំលោះបានស្រែកដាក់ខ្ញុំទៀត"។

គ្រូពេទ្យសត្វបានប្រាប់លោក Parida ថាមាន់បានងាប់ដោយសារគាំងបេះដូង ហើយលោកបានដាក់ពាក្យប្តឹងទៅប៉ូលិស បន្ទាប់ពីអ្នករៀបចំពិធីមង្គលការមិនព្រមសងសំណង។

សាស្ត្រាចារ្យសត្វវិទ្យា លោក Suryakanta Mishra ដែលជាអ្នកនិពន្ធសៀវភៅស្តីពីអាកប្បកិរិយាសត្វ បានប្រាប់កាសែត Hindustan Times ថា សំឡេងខ្លាំងបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូងចំពោះសត្វស្លាប។

លោក Mishra និយាយថា "មាន់ត្រូវបានគ្រប់គ្រងដោយសង្វាក់នៃសកម្មភាពប្រចាំថ្ងៃ ដែលគ្រប់គ្រងដោយវដ្តពន្លឺធម្មជាតិ/ភាពងងឹតនៃថ្ងៃនិងយប់។ ភាពរំជើបរំជួលឬភាពតានតឹងដោយសារតន្ត្រីខ្លាំងៗអាចរំខានដល់នាឡិកាជីវសាស្រ្តរបស់ពួកវា"៕ ប្រភព ៖ straitstimes


 

-->
adverise with khmeread