លួចម៉ាស៊ីនម៉ាស៊ូតដឹកតាមផ្លូវពេលយប់ត្រូវប៉ូលិសស្រុកស្អាងឃាត់ខ្លួន

កណ្តាល ​៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន ខណៈលួចម៉ាស៊ីនម៉ាស៊ូតមួយគ្រឿងដឹកតាមផ្លូវពេលយប់ នៅចំណុចភូមិព្រែកថ្មី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទីយប់។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ចែត​ ង៉ិច អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ពេញ សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងដកហូតរួមមាន ម៉ាស៊ីនម៉ាស៊ុតចំនួន០១គ្រឿងជារបស់ជនរងគ្រោះនិងម៉ូតូម៉ាកវ៉េវពណ៌ខ្មៅលាយស គ្មានស្លាកលេខចំនួន០១គ្រឿងជារបស់ជនសង្ស័យ។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលត្រើយស្លាសហការជាមួយកម្លាំងប្រជាការពារឃុំបានចេញល្បាតនៅភូមិសាស្ត្ររបស់ខ្លួន, លុះមកដល់ចំណុចភូមិព្រែកតាឯក ឃុំត្រើយស្លា ​ក៏បានជួបជនសង្ស័យជិះម៉ូតូដឹកម៉ាស៊ីនម៉ាស៊ូតមានការសង្ស័យក៏បាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យបានសារភាពថា «ពិតជាបានលួចម៉ាស៊ីនម៉ាស៊ូតរបស់ជនរងគ្រោះនៅចំណុចចំការបន្លែ ស្ថិតនៅភូមិព្រែកថ្មី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាលពិតប្រាកដមែន»។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

-->
adverise with khmeread